ព្រះខ័នរាជស្វាយរៀង ប៉ះ PSM MAKASSAR ក្នុងពានរង្វាន់ Shopee Cup រសៀលនេះ
នៅថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៧:៣០ យប់ ក្រុមព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Munoz នឹងបើកទ្វារកីឡដ្ឋានជាតិអូឡាំពិក ទទួលស្វាគមន៍ជើងខ្លាំងរបស់ឥណ្ឌូណេស៊ី PSM MAKASSAR ក្នុងការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup ប្រកួតទី៣។
មុនប៉ះគ្នារសៀលនេះ គ្រូបង្គោលព្រះខ័នរាជស្វាយរៀង លោក 𝗣𝗘𝗣 Munoz បានលើកឡើងថា លោកមិនចាំបាច់ផ្ដល់ការលើកទឹកចិត្តបន្ថែមដល់កីឡាករទេពេលប៉ះ 𝗣𝗦𝗠 𝗠𝗮𝗸𝗮𝘀𝘀𝗮𝗿 រីឯគ្រូរបស់ 𝗣𝗦𝗠 𝗠𝗮𝗸𝗮𝘀𝘀𝗮𝗿 លោក 𝗕𝗲𝗿𝗻𝗮𝗿𝗱𝗼 𝗧𝗮𝘃𝗮𝗿𝗲𝘀 មិនមែននិយាយបែបបញ្ជោរតែជាការសរសើរចេញពីចិត្ត ដោយលើកឡើងថា ព្រះខ័នរាជស្វាយរៀង លេងក្នុងពាន 𝗦𝗵𝗼𝗽𝗲𝗲 𝗖𝘂𝗽 គឺល្អខ្លាំង។
សន្និសីទសារព័ត៌មានមុនការប្រកួត លោក 𝗣𝗘𝗣 Munoz បានលើកឡើងថា៖ យើងដឹងថា 𝗠𝗮𝗸𝗮𝘀𝘀𝗮𝗿 ជាក្រុមខ្លាំង ទោះបីជាពួកគេធ្វើមិនសូវបានល្អក្នុងលីគរបស់ពួកគេ ប៉ុន្តែនៅក្នុងការប្រកួតអន្តរជាតិពួកគេនៅតែធ្វើបានល្អ ពួកគេមានកីឡាករបរទេសល្អៗ និងកីឡាករមានកម្ពស់ខ្ពស់ ប៉ុន្តែយើងនឹងបង្ហាញពីភាពខ្លាំងរបស់យើង ហើយយើងចង់បាន៣ពិន្ទុក្នុងប្រកួតនេះ»។
លោក 𝗣𝗘𝗣 Munoz បានបន្តថា៖« ពួកយើងបានរៀបចំខ្លួនរួចរាល់ ចំណែកកីឡាករយើងមានការតាំងចិត្តដោយខ្លួនឯងរួចហើយ សម្រាប់ប្រកួតនេះ ខ្ញុំមិនចាំបាច់ផ្ដល់ការលើកទឹកចិត្តបន្ថែមដល់ពួកគេទេ ព្រោះវាជាការប្រកួតគ្រប់គ្នាចង់លេង»។
រីឯគ្រូរបស់ 𝗣𝗦𝗠 𝗠𝗮𝗸𝗮𝘀𝘀𝗮𝗿 លោក 𝗕𝗲𝗿𝗻𝗮𝗿𝗱𝗼 𝗧𝗮𝘃𝗮𝗿𝗲𝘀 បានគូសបញ្ជាក់ថា៖« វាពិតជាលំបាកណាស់ ក្នុងការទទួលបានពិន្ទុក្នុងទឹកដីកម្ពុជា។ ព្រះខ័នរាជស្វាយរៀង លេងក្នុងពាន 𝗦𝗵𝗼𝗽𝗲𝗲 𝗖𝘂𝗽 គឺល្អខ្លាំង ជាក់ស្ដែងដូចការយកឈ្នះ 𝗧𝗲𝗿𝗲𝗻𝗴𝗴𝗮𝗻𝘂 ដល់ដីម៉ាឡេស៊ី និងទោះចាញ់ 𝗕𝗚 𝗣𝗮𝘁𝗵𝘂𝗺 ប៉ុន្តែលោកឃើញនៅ ២០នាទីចុងក្រោយគ្រប់យ៉ាងដូចជាការគ្រប់គ្រងដោយស្វាយរៀង»។
គួរបញ្ជាក់ថា ក្នុងការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup បច្ចុប្បន្ន ក្រុម 𝗣𝗦𝗠 𝗠𝗮𝗸𝗮𝘀𝘀𝗮𝗿 កំពុងឈរកំពូលតារាងក្នុងពូល A ដោយមាន ៤ពិន្ទុ ស្មើគ្នាជាមួយក្រុម BG Pathum United របស់ថៃ និង Dong A Thanh Hoa FC របស់វៀតណាម ខណៈព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ៤ មាន ៣ពិន្ទុ៕