ក្រុមហ៊ុនអាកាសចរណ៍ Asiana របស់ប្រទេសកូរ៉េចាប់ផ្ដើមបើកការហោះហើរត្រង់មកកាន់ខេត្តសៀមរាប
សៀមរាប៖ ជើងហោះហើរថ្មីមួយទៀតហើយ ជារបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines របស់ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមដំណើរការជើងហោះហើររបស់ខ្លួនឡើងវិញ បន្ទាប់អាក់ខានដោយសារពីវិបត្ដិជំងឺកូវីដ-១៩ ជាមួយនឹងជើងហោះហើរត្រង់ ចេញពីអាកាសយានដ្ឋានអន្ដរជាតិ អ៊ីឈុន នៃទីក្រុងសេអ៊ូល មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ នៃខេត្ដសៀមរាប កាលពីយប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ។
ប្រភពពីមន្ត្រីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឱ្យដឹងថា Asiana Airlines បានចាប់ផ្តើមហោះឡើងវិញ ដោយហោះត្រង់ចេញពីអាកាសយានដ្ឋានអន្ដរជាតិ អុីឈុន នៃទីក្រុងសេអ៊ូល មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ ក្នុងមួយថ្ងៃមួយជើងជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥ខាងមុខ។
មន្ត្រីដដែលនេះ បន្ថែមថា ចំពោះជើងហោះហើរលើកដំបូងរបស់ខ្លួននេះបានដំណើរការជោគជ័យ និងបន្ដកិច្ចព្រមព្រៀងជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបន្ថែមទៀត។ Asiana Airlines ជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំទី២ របស់កូរ៉េ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Korean Airlines ហើយប្រតិបត្ដិការហោះថ្មីជើងទី១នេះ ប្រើយន្តហោះប្រភេទអ៊ែបឺស ៣២១ ជាមួយអ្នកដំណើរជិត ២០០នាក់។
មន្ត្រីដដែលបានឱ្យដឹងទៀតថា នៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥នេះ មានជើងហោះហើរថ្មីៗជាច្រើនទៀត បានធ្វើកិច្ចព្រមព្រៀងមកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ហើយគិតមកដល់ខែធ្នូ ឆ្នាំ២០២៤នេះ ជាមធ្យមមានជើងហោះហើរមកដល់ និងត្រឡប់ទៅវិញ មានចំនួន ៥២ជើងក្នុង១ថ្ងៃ និងគិតជាមធ្យមមានភ្ញៀវធ្វើដំណើរតាមយន្ដហោះ ទាំងមកដល់ និងត្រឡប់ទៅវិញ ៥.០០០នាក់ក្នុង១ថ្ងៃ៕