អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់នុយក្លេអ៊ែរ B-52H ចូលរួមសមយុទ្ធនៅកូរ៉េ
បរទេស ៖ កាលពីថ្ងៃចន្ទម្សិលមិញនេះសហរដ្ឋអាមេរិកបានធ្វើការហោះហើរយន្តហោះទម្លាក់គ្រាប់បែកដ៏ទំនើបបំផុតរបស់ខ្លួន B-52H អមជាមួយយន្តហោះចម្បាំងជាច្រើនរបស់កូរ៉េខាងត្បូងផងនៅក្នុងសមយុទ្ធយោធាមួយដែលត្រូវបានគេមើលឃើញថាបានធ្វើឡើងដើម្បីគោលដៅបង្ហាញកូរ៉េខាងជើងដោយផ្ទាល់។
ក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទម្សិលមិញនេះបានប្រកាសថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានបើកសមយុទ្ធយោធារួមគ្នាមួយនៅក្នុងតំបន់ឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសដោយក្នុងនោះសហរដ្ឋអាមេរិកក៏បានបញ្ជូនយន្តហោះដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ B-52H ផងដែរដើម្បីចូលរួមបេសកកម្មលើកនេះជាមួយគ្នា។
សមយុទ្ធយោធាដែលធ្វើឡើងនៅលើសមុទ្រលឿងក្នុងដែនសមុទ្ររបស់កូរ៉េខាងត្បូងដោយក្នុងនោះក្រៅតែពីវត្តមាននៃការហោះហើរនៃយន្តហោះទម្លាក់គ្រាប់បែកអាចបំពាក់គ្រាប់នុយក្លេអ៊ែរ B-52H នេះផងគេក៏សង្កេតឃើញមានការចូលរួមដោយយន្តហោះចម្បាំងរបស់កូរ៉េខាងត្បូងជាច្រើនទៀតដូចជា F-15K និង KF-16 ផងដែរ។
គួរឲ្យដឹងដែរថា កាលពីខែធ្នូកន្លងមកអាមេរិកដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52H ទៅកាន់ឧបទ្វីបកូរ៉េម្តងហើយ ប៉ុន្តែយន្តហោះនេះនឹងមិនទាន់បញ្ជូនទៅអាមេរិកភ្លាមនោះទេ ពីព្រោះថាអាមេរិក និងកូរ៉េខាងត្បូងគ្រោងនឹងរៀបចំសមយុទ្ធផ្សេងមួយទៀតចន្លោះពីថ្ងៃទី១៣ខែថ្ងៃទី២៣ខែមីនាដែលវាត្រូវបានគេមើលឃើញថានឹងក្លាយទៅជាព្រឹត្តិការណ៍សមយុទ្ធយោធាធំបំផុតមិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ៕