ក្រុមកំពូលតារាង Liverpool ប៉ះ ក្រុមការពារតំណែងជើងឯក Man City ក្នុងការប្រកួតPremier League សប្ដាហ៍ទី១៣
ការប្រកួត Premier League បានឈាងចូលដល់សប្ដាហ៍ទី១៣ ដោយថ្ងៃអាទិត្យ នេះ មានជំនួបដ៏ធំប្រចាំសប្ដាហ៍ ដែលជាការប៉ះគ្នារវាងក្រុមកំពូលតារាងហង្សក្រហម Liverpool ប៉ះគ្នាជាមួយក្រុមការពារតំណែងជើងឯក Manchester City នៅ Anfield ។
ក្រុមការពារតំណែងជើងឯក Man City បច្ចុប្បន្ន កំពុងធ្លាក់ទម្រង់យ៉ាងខ្លាំងដោយ៦ប្រកួតចុងក្រោយ មិនទាន់ទទួលបានជ័យជំនះឡើយ ពោលគឺចាញ់ ៥ និងស្មើ១ គិតគ្រប់កម្មវិធី ស្របពេលដែល Liverpool កំពុងឡើងជើងទាំង Premier League និង Champion League។ នៅ Champion League ក្រមដែលមានរហស្សនាមថា «ហង្សក្រហម» កំពុងឈរនៅកំពូលតារាង ក្នុងចំណោមក្រុមទាំង៣៦ ហើយជាក្រុមតែមួយគត់ ដែលឈ្នះគ្រប់ការប្រកួត ស្របពេលដែល Man City ឈរនៅលេខរៀងទី១៧។ ចំណែកនៅ Premier League វិញ បច្ចុប្បន្ន Liverpool កំពុងកំពូលតារាងមាន ៣១ពិន្ទុ ខណៈ Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola ឈរនៅលេខ៤ មាន ១៣ពិន្ទុ។
មែនទែនទៅ ចាប់តាំងពីចូលរួមជាមួយ Man City ក្នុងឆ្នាំ ២០១៦ លោក Pep Guardiola មិនដែលប្រឈមមុខនឹងសម្ពាធ និងមន្ទិលសង្ស័យ ដូចពេលនេះទេ បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ៦ប្រកួតដោយមិនឈ្នះ រួមទាំងចាញ់ ៥ដង។
គ្រូបង្វឹកលោក Pep Guardiola បាននិយាយថា ក្រុម Man City របស់លោក អាចអស់ឱកាសប្រជែងពានរង្វាន់ Premier League ប្រសិនបើក្រុមបន្តចាញ់ការប្រកួតទល់នឹង Liverpool នៅទឹកដី Anfield ចុងសប្តាហ៍នេះ៕