Close

មន្ត្រីជាន់ខ្ពស់កម្ពុជាស្នើសមាគមសហគ្រិន Shaoxing ពិនិត្យលទ្ធភាពវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់កម្ពុជាស្នើសមាគមសហគ្រិន Shaoxing ពិនិត្យលទ្ធភាពវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម មន្ត្រីជាន់ខ្ពស់កម្ពុជាស្នើសមាគមសហគ្រិន Shaoxing ពិនិត្យលទ្ធភាពវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម

ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាស្នើ គណៈប្រតិភូសមាគមសហគ្រិន Shaoxing មកពីទីក្រុងសាវស៊ីង ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក CHE Fei ប្រធានសមាគម និងជាប្រធានក្រុមហ៊ុន Shaoxing Muhua Wood Industry Co., Ltd ពិនិត្យលទ្ធភាពវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជា។

ក្នុងឱកាសនៃកិច្ចពិភាក្សាការងារ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោក ជា វុទ្ធី បានស្នើសុំឱ្យគណៈប្រតិភូជួយផ្សព្វផ្សាយពីសក្តានុពល និងបរិស្ថានវិនិយោគប្រកបដោយភាពអំណោយផល និងមានភាពប្រកួតប្រជែងខ្ពស់របស់កម្ពុជាទៅដល់វិនិយោគិនចិន និយាយជារួម និងទៅដល់វិនិយោគិននៅខេត្តចឺជាំង និយាយដោយឡែក។

ម្យ៉ាងវិញទៀត លោក អគ្គលេខាធិការបានជំរុញលើកទឹកចិត្តឱ្យគណៈប្រតិភូរួសរាន់ក្នុងការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងវិស័យអាទិភាពណាមួយ ដើម្បីច្បាមយកផលចំណេញទាំងអស់គ្នា ពិសេស ពិនិត្យលទ្ធភាពធ្វើការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ដោយកម្ពុជាមានសក្តានុពលខ្ពស់ក្នុងវិស័យកសិកម្ម និងមានដំណាំយុទ្ធសាស្រ្តជាច្រើនរួមមានស្រូវ ដំឡូងមី និងស្វាយចន្ទី ជាដើម ដែលទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម ព្រមទាំងពិចារណាលើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។

មន្ត្រីជាន់ខ្ពស់កម្ពុជាស្នើសមាគមសហគ្រិន Shaoxingពិនិត្យលទ្ធភាពវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម

បន្ថែមលើនេះ លោក អគ្គលេខាធិការក៏បានលើកឡើងពីភាពជោគជ័យរបស់វិនិយោគិនចិននៅកម្ពុជា ពិសេស វិនិយោគិនចិនមកពីខេត្តចឺជាំង។ ជាមួយគ្នានេះផងដែរ លោកក៏បានជម្រាបជូនគណៈប្រតិភូពីពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ប្រព័ន្ធ cdcIPM ជាថ្នាលបច្ចេកវិទ្យាសម្រាប់អនុញ្ញាតឱ្យវិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមប្រព័ន្ធអនឡាញបានពីគ្រប់ទីកន្លែង ទាំងការដាក់ពាក្យ ការបង់កម្រៃសេវា និងការទទួលបាននូវវិញ្ញាបនបត្រចុះបញ្ជីគម្រោងជាទម្រង់ឌីជីថលផងដែរ។

មានមតិក្នុងកិច្ចប្រជុំ លោក CHE Fei ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ព្រមទាំងបានចែករំលែកនូវព័ត៌មានពាក់ព័ន្ធនឹងវឌ្ឍនភាពថ្មីៗនៃការវិនិយោគ ក៏ដូចជាការគូសរំលេចពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលជាការឆ្លើយតបនឹងគោលបំណងរបស់គណៈប្រតិភូដែលអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ។

មន្ត្រីជាន់ខ្ពស់កម្ពុជាស្នើសមាគមសហគ្រិន Shaoxingពិនិត្យលទ្ធភាពវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម

ក្នុងឱកាសនៃកិច្ចពិភាក្សា សមាជិកគណៈប្រតិភូបានលើកឡើងនូវសំណួរជាច្រើនពាក់ព័ន្ធនឹងគោលនយោបាយលើកទឹកចិត្តវិនិយោគ, វិស័យអាទិភាពសម្រាប់ការវិនិយោគ, និងកម្មវិធីបណ្តុះបណ្តាលជំនាញដល់កម្មករនិយោជិតកម្ពុជា ហើយដែលឯកឧត្តមអគ្គលេខាធិការបានធ្វើការឆ្លើយតបយ៉ាងក្បោះក្បាយ និងគ្រប់ជ្រុងជ្រោយ។

សូមបញ្ជាក់ជូនថា សមាគមសហគ្រិន Shaoxing ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៧ ហើយសមាជិកនៃសមាគមនេះគឺសុទ្ធសឹងតែជាកូនចៅជំនាន់ទី២នៃគ្រួសារសហគ្រិនដែលមានដើមកំណើតនៅទីក្រុង Shaoxing និងបានទទួលការអប់រំនៅក្រៅប្រទេស។ សមាសភាពគណៈប្រតិភូសមាគម មានសកម្មភាពអាជីវកម្មក្នុងវិស័យជាច្រើន ដូចជា ឧស្សាហកម្មកែច្នៃឈើ, បោះពុម្ព, អចលនទ្រព្យ, ឧស្សាហកម្ម, សំណង់, អប់រំ, ថាមពល, បច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយ…។ល។៕

មន្ត្រីជាន់ខ្ពស់កម្ពុជាស្នើសមាគមសហគ្រិន Shaoxingពិនិត្យលទ្ធភាពវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម