សហគមន៍ទេសចរណ៍ធម្មជាតិស្ទឹងភេជួយបង្កើនជីវភាពប្រជាជន លើកកម្ពស់គម្រោងទេសចរណ៍ផ្សារភ្ជាប់ទឹកដី
កំពត : ស្ថិតនៅក្នុងភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត សហគមន៍ទេសចរណ៍ធម្មជាតិស្ទឹងភេ ជាទីកន្លែងផ្ដល់នូវប្រភពការងារ ជួយប្រជាជនឱ្យមានជីវភាពកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ សហគមន៍មួយនេះបានបង្កើតឡើងនៅក្នុងឆ្នាំ២០២០ ដោយមានទំនប់ទឹកជាគោលដៅទាក់ទាញភ្ញៀវទេសចរ។
សហគមន៍ទេសចរណ៍ធម្មជាតិស្ទឹងភេ បង្កើតឡើងដោយមានការចូលរួមពីប្រជាជនចំនួន ១៥គ្រួសារ ដែលសមាជិកគ្រួសារទាំង ១៥នេះជាអ្នកទទួលផលដោយផ្ទាល់ពីការបម្រើសេវាកម្មទេសចរណ៍។ ក្រៅពីនោះ ថ្វីត្បិតថាមិនបានទទួលផលច្រើន ប៉ុន្តែពួកគេមានការសប្បាយចិត្ត ដោយសារតែពួកគេអាចរកចំណូលបានពីការលក់កសិផលដែលដាំដុះបានទៅឱ្យភ្ញៀវដែលធ្វើដំណើរឆ្លងកាត់ផង និងមួយផ្នែកទៀតលក់ទៅឱ្យសហគមន៍តែម្ដង។
លោក ជឿន ប៊ុនឡាយ ដែលជាតំណាងសហគមន៍ទេសចរណ៍ធម្មជាតិស្ទឹងភេ បានឱ្យដឹងថា៖ «តាំងពីចុងឆ្នាំ២០២០មក ប្រជាពលរដ្ឋរស់នៅក្នុងភូមិដែលមានការលក់ដូរតាមដងផ្លូវ ចុះពីផ្លូវជាតិលេខ ៤១ រហូតមកដល់ស្ទឹងភេ គឺពួកគាត់អាចរកចំណូលបានច្រើនជាងមុនមួយកម្រិតទៀត ដោយសារភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ផ្លូវនេះច្រើនមកកាន់សហគមន៍ស្ទឹងភេ ជាពិសេសគឺថ្ងៃឈប់សម្រាកពីការងារ និងថ្ងៃបុណ្យជាតិជាដើម»។
លោកបន្តឱ្យដឹងទៀតថា នៅក្នុងសហគមន៍មាននូវសេវាកម្មម្ហូបអាហារ ដែលបន្លែ ត្រី សាច់ សម្រាប់ ធ្វើម្ហូបជូនភ្ញៀវសុទ្ធតែជាកសិផលរបស់ប្រជាសហគមន៍ផ្ទាល់តែម្ដង។ ដូច្នេះ មិនត្រឹមតែបានជួយគាំទ្រ ដំណាំកសិកម្មប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែភ្ញៀវទេសចរផ្ទាល់ក៏និយមចូលចិត្តនូវកសិផលស្រស់ៗ ដែលមិនមានប្រើប្រាស់ថ្នាំគីមីផងដែរ។
បើតាមការបញ្ជាក់បន្ថែមរបស់លោក ជឿន ប៊ុនឡាយ កាលពីដើមឡើយ មិនសូវជាមានអ្នកចូលចិត្តមកលេងតំបន់ស្ទឹងភេនេះប៉ុន្មានទេ ប៉ុន្តែដោយសារការរៀបចំទីតាំងធម្មជាតិមួយនេះ និងការយកទំនប់ទឹកជាគោល តំបន់របស់លោកបានស្រូបទាញភ្ញៀវជិតឆ្ងាយមកទស្សនាលំហែឥតដាច់។
អ្នកតំណាងសហគមន៍រូបនេះបន្តថា ភ្ញៀវដែលមកលេងតំបន់របស់លោកភាគច្រើនជាយុវវ័យ មានវ័យ ១៦ ទៅ២៥ឆ្នាំ ហើយមួយផ្នែកទៀតជាភ្ញៀវដែលដើរកម្សាន្ដជាលក្ខណៈគ្រួសារ។
ដោយឡែក បើគិតចំនួនភ្ញៀវជាមធ្យមក្នុងមួយថ្ងៃ សហគមន៍ទទួលបានភ្ញៀវ ២៥ នាក់ និងអាចរកចំណូលបានចន្លោះពី ១លាន២សែន ទៅ ២លានរៀនក្នុងមួយខែ បន្ទាប់ពីធ្វើការចាត់ចែងទូទាត់ថ្លៃចំណាយលើឈ្នួលបុគ្គលិក ឥវ៉ាន់ និងសម្ភារ:ប្រើប្រាស់គ្រឿងទេសផ្សេងៗហើយ។
យ៉ាងណាមិញ ការកកើតឡើងជាសហគមន៍ទេសចរណ៍នេះក៏ផ្ដល់នូវផលប្រយោជន៍ដល់ធនធានធម្មជាតិក្នុងតំបន់ផងដែរ ជាពិសេសគឺកាត់បន្ថយការនេសាទហួសហេតុនៅក្នុងទំនប់ ដោយជំនួសមកវិញនូវការដាក់សេវាកម្មជិះទូកកាយ៉ាក់កំសាន្ដជូនភ្ញៀវជាដើម។
លោក ជឿន ប៊ុនឡាយ ក៏បានបង្ហើបឱ្យដឹងផងដែរពីគម្រោងពង្រីកសេវាកម្មទេសចរណ៍បន្ថែមទៀត ដើម្បីអាចរកចំណូលបានបន្ថែម ព្រមទាំងអាចជួយសេដ្ឋកិច្ចប្រជាជនឱ្យបានកាន់តែច្រើនជាងនេះបន្តទៀត៕