៩ ខែឆ្នាំនេះ កម្ពុជាចុះបញ្ជីរថយន្តអគ្គិសនីជិត ២០០០ គ្រឿង
ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០២៤ កម្ពុជាបានចុះបញ្ជីរថយន្តអគ្គិសនីចំនួន ១៦៤៤គ្រឿង ខណៈគិតត្រឹមរយៈពេលដូចគ្នា ឆ្នាំ២០២៣ មានរថយន្តអគ្គិសនីចុះបញ្ជីចំនួន ២០៣គ្រឿងប៉ុណ្ណោះ ពោលមានសន្ទុះកើនឡើង ៧១០% ក្នុងនោះ
ទោចក្រយានកើនឡើង ៣៦៨% ដោយឡែកត្រីចក្រយានថយចុះ-១៥% ។ នេះ បើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ។
លោក ផន រឹម បញ្ជាក់ទៀតថា «មកទល់ពេលនេះ នៅកម្ពុជាមានរថយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ២៣២៧គ្រឿង ក្នុងនោះរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ចំនួន ៧៩០គ្រឿងឈរលើកំពូលតារាង និងបន្តបន្ទាប់ដោយរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនតូយ៉ូតាចំនួន ៤៤៣គ្រឿង, រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនTeslaចំនួន២៦៩គ្រឿង និងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផ្សេងៗទៀត»។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ កាលរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសគាំទ្រឱ្យមានការវិនិយោគយានយន្តអគ្គីសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត ព្រោះថា ការផ្លាស់ប្តូរពីការប្រើប្រាស់យានយន្តប្រើប្រេងឥន្ធនៈ ទៅប្រើយានយន្តអគ្គិសនី ធ្វើឱ្យប្រទេសជាតិទទួលបានផលប្រយោជន៍សំខាន់ចំនួន២។
សម្តេចបានពន្យល់ថា៖«ប្រយោជន៍ទី១. បង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ថាមពលសម្រាប់ការដឹកជញ្ជូន ដោយការប្រើប្រាស់យានយន្តអគ្គិសនីបើ ថាមពលតិចជាងការប្រើយានយន្តប្រើប្រេងឥន្ធនៈប្រហែល ៥ដង និងប្រយោជន៍ទី ២. បន្ថយការ បញ្ចេញឧស្ម័នកាបូនក្នុងវិស័យដឹកជញ្ជូន ដោយងាកមកប្រើថាមពលអគ្គិសនី ដែលផលិតពីថាមពលស្អាតកាន់តែច្រើនវិញ»។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» ដោយមានគោលបំណងជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី នៃវិស័យយានយន្តអគ្គិសនីទាំងមូល។
ជាមួយគ្នានេះ សម្តេចធិបតី បានបង្ហើបឱ្យដឹងដែរថា ថ្មីៗនេះ ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតយានយន្តអគ្គីសដ៏ធំរបស់ប្រទេសចិន បានកំពុងចរចាមកបើករោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជានៅឆ្នាំ២០២៥ ខាងមុខនេះ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
ទាក់ទិនឹងបញ្ហារយន្តអគ្គិសនីនេះដែរ ក្នុងសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះ បានលើកឡើងថា ការកើនឡើងនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា កំពុងមានសន្ទុះយ៉ាងលឿនគួរឱ្យកត់សម្គាល់។ ជាក់ស្តែង គិតមកដល់ពេលនេះ ការចុះបញ្ជីយានយន្តអគ្គិសនីនៅកម្ពុជាមានចំនួន ៣,៦៧៦គ្រឿង និងទីតាំងបញ្ចូលថាមពលអគ្គិសនីនៅទូទាំងប្រទេស មានចំនួន ២១កន្លែង ក្នុងនោះមានទូបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនខ្លាំងមានចំនួន ២៧ទូ។
លោកបន្តថា បើទោះបីជាមានកំណើនយ៉ាងឆាប់រហ័សនៃការប្រើប្រាស់យានយន្តអគ្គិសនីពិតមែន ក៏វិស័យយានយន្តអគ្គិសនីនេះចាំបាច់ណាស់ត្រូវទាមទារនូវការគាំទ្រ ពីគ្រប់ភាគីពាក់ព័ន្ធបន្ថែមទៀត ជាមួយនិងការដាក់ចេញនូវគោលនយោបាយជាក់លាក់បន្ថែមទៀត។
រាជរដ្ឋាភិបាល បានចាត់ទុកការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីយានយន្តប្រភេទប្រេងឥន្ធនៈ ។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលក៏បាននិងកំពុងខិតខំអនុវត្តស្របតាមទិសដៅ និងវិធានការចាំបាច់ដែលរាជរដ្ឋាភិបាល បានកំណត់ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូន ដើម្បីជំរុញសម្រេចឱ្យបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០% និងទោចក្រយានយន្តអគ្គិសនីក្នុងអត្រា៧០% នៅត្រឹមឆ្នាំ២០៥០៕