មុនទៅដឹកនាំ Manchester United លោក Ruben Amorim ដឹកនាំក្រុមចាស់ លុត Man City យ៉ាងចាស់ដៃ
មុននឹងទៅដឹកនាំក្លិបបិសាចក្រហម Manchester United នៅសប្ដាហ៍ក្រោយ លោក 𝗥𝘂𝗯𝗲𝗻 𝗔𝗺𝗼𝗿𝗶𝗺 បានបន្សល់ស្នាដៃល្អ ដោយបានដឹកនាំក្រុម Sporting បំបាក់គីឡូយក្សអង់គ្លេស 𝗠𝗮𝗻𝗰𝗵𝗲𝘀𝘁𝗲𝗿 𝗖𝗶𝘁𝘆 យ៉ាងចាស់ដៃ ដោយលទ្ធផល ៤ទល់នឹង១ ក្នុងពានរង្វាន់អឺរ៉ុប Champions League។
និយាយឲ្យអស់ទៅ រាល់ការចាញ់របស់ Man City ប៉ុន្មានថ្ងៃនេះ អាចនិយាយបានថា ជាការជួយសម្រាលទុក្ខ សម្រាប់ក្រុមនៅ Old Trafford មួយនេះ ពិសេសជ័យជម្នះរបស់ Sporting ដែលគ្រប់គ្រងដោយ លោកAmorim ដែលជាគ្រូបង្វឹក ដែលនឹងចាប់ផ្តើមការគ្រប់គ្រង Manchester United នៅសប្តាហ៍ក្រោយ។
ការប្រកួតយប់មិញនេះ ក្រុម Sporting របស់ Amorim លេងមិនសូវបានល្អទេនៅ៣៥នាទីដំបូង ដោយក្រុមភ្ញៀវ Man City ស៊ុតបាល់បញ្ចូលទីនាំមុខមុន តាំងពីនាទីទី៤ មកម្លោះ។ ប៉ុន្តែនៅនាទី៣៧ កីឡាករ Viktor Gyokeres បានតាមស្មើមកវិញ ឲ្យម្ចាស់ផ្ទះ។ លុះចូលដល់តង់ទី២ មិនបាន ១នាទីស្រួលបួលផង Maxi Araujo បានជួយឲ្យក្រុម Sporting បើកការនាំមុខវិញម្ដង។ នៅមិនទាន់អស់នោះទេ Viktor Gyokeres បានស៊ុតគ្រាប់បាល់ ២គ្រាប់ទៀត ធ្វើឲ្យរូបគេទទួលបាន Hat-trick នឹងជួយឲ្យក្រុមរបស់លោក Amorim លត់ក្រុមរបស់លោក Pep Guardiola ក្នុងលទ្ធផល ៤ទល់នឹង១។
ការទទួលជ័យជម្នះ កាលពីយប់មិញនេះ នឹងធ្វើឱ្យអ្នកគាំទ្រ Manchester United ញញឹមបិទមាត់មិនជិតនោះទេ ប៉ុន្តែទោះបីជាយ៉ាងណា លោក Amorim ត្រូវប្រឈមមុខនឹងការសាកល្បងដ៏ធំនៃដំណែងរបស់លោកនៅក្លិប ខណៈក្លឹបបិសាចក្រហម កំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី ១៣ ក្នុងតារាង Premier League ។
គួរបញ្ជាក់ថា ការប្រកួតដំបូងរបស់លោក Amorim នៅ Man United គឺត្រូវ ប៉ះក្រុម Ipswich Town ហើយនឹងត្រូវប្រកួតតទល់ជាមួយ លោក Pep Guardiola និង Manchester City ម្តងទៀតក្នុងខែធ្នូ៕