ក្រោយទទួលបានកាតក្រហម លោក 𝐉𝐨𝐬𝐞 𝐌𝐨𝐮𝐫𝐢𝐧𝐡𝐨 សរសើរអាជ្ញាកណ្ដាលថា ពិតជាកំពូលអាជ្ញាកណ្ដាលមែន
គ្រូបង្វឹកក្រុម Fenerbahce លោក Jose Mourinho បានអបអរសាទរអាជ្ញាកណ្តាល ដែលបានបណ្តេញខ្លួនចេញពីទីលាន បន្ទាប់ពីក្រុមរបស់លោក បានស្មើ ១-១ ជាមួយក្រុម Manchester United ក្នុងការប្រកួត Europa League កាលពីយប់ថ្ងៃព្រហស្បតិ៍។
ក្រុមម្ចាស់ផ្ទះ ទទួលបានលទ្ធផលស្មើ បន្ទាប់ពី Youssef En-Nesyri បានតែតបាល់បញ្ចូលទីតាមស្មើ ក្នុងតង់ទីពីរ បន្ទាប់ពីគ្រាប់បាល់ដំបូងរបស់ក្រុមបិសាចក្រហម Manchester United រកបានដោយកីឡាករ Christian Eriksen។
យ៉ាងណាមិញ Mourinho ដែលគេស្គាល់ថា “ The Special One” ត្រូវបានអាជ្ញាកណ្ដាលផ្ដល់កាតក្រហម ក្នុងតង់ទីពីរ បន្ទាប់ពីមានជម្លោះយ៉ាងក្តៅគគុកជាមួយនឹងអាជ្ញាកណ្តាល Clement Turpin ដែលគាត់បានអះអាងថា កំពុងតាមដានអាកប្បកិរិយារបស់ Mourinho អំឡុងពេលការប្រកួត។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បានប្រាប់ TNT Sports ថា ៖« អាជ្ញាកណ្តាលបានប្រាប់ខ្ញុំនូវអ្វីមួយដែលមិនគួរឱ្យជឿ។ គាត់បាននិយាយក្នុងពេលតែមួយថា គាត់អាចមើលឃើញសកម្មភាពនៅក្នុងទីលាន និងអាកប្បកិរិយារបស់ខ្ញុំ ដែលនៅក្រោទីលានផងដែរ។ ខ្ញុំសូមអបអរសាទរគាត់ ព្រោះគាត់ពិតជាមិនគួរឱ្យជឿ។ ក្នុងអំឡុងពេលប្រកួត គាត់មានភ្នែកម្ខាងមើលក្នុងទីលាន និងភ្នែកម្ខាងលើអាកប្បកិរិយារបស់ខ្ញុំ នៅលើកៅអី។ នោះហើយជាមូលហេតុដែលគាត់គឺជាអាជ្ញាកណ្តាលដ៏ល្អបំផុតម្នាក់នៅក្នុងពិភពលោក»។
គួរបញ្ជាក់ថា 𝐉𝐨𝐬𝐞 𝐌𝐨𝐮𝐫𝐢𝐧𝐡𝐨 បានកាតក្រហម ក្រោយពីលោកតវ៉ាខ្លាំងៗ ពេលចង់បានបាល់ប៉េណាល់ទី ក្នុងការប្រកួតទល់ក្រុម 𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝 យប់មិញ៕