សារធាតុវិទ្យុសកម្មជាច្រើនកំពុងដឹកជញ្ជូនចូលអ៊ុយក្រែនតាមច្រកផែទីក្រុង Odessa
បរទេស ៖ កាលពីសប្តាហ៍មុនមានការអះអាងជាច្រើនតាមរយៈបណ្តាញសង្គមដែលត្រូវបានបង្ហាញថា សារធាតុវិទ្យុសកម្មប្រភេទ Californium-252 យ៉ាងសន្ធឹកសន្ធាប់បានដឹកជញ្ជូនចូលទៅក្នុងប្រទេសអ៊ុយក្រែនតាមរយៈច្រកផែសមុទ្រក្នុងទីក្រុង Odessa។
កាលពីថ្ងៃម្សិលមិញនេះផងដែរ អ្នកនាំពាក្យរបស់ក្រសួងការបរទេសនៃប្រទេសរុស្ស៊ី លោកស្រី Maria Zakharova បានធ្វើការអំពាវនាវឲ្យអង្គការអន្តរជាតិនានាគួរតែនាំគ្នាងាកទៅមើលរបាយការណ៍ដែលអះអាងថាអ៊ុយក្រែនពិតជាបាននាំចូលសារធាតុវិទ្យុសកម្មដ៏គ្រោះថ្នាក់តាមច្រកសមុទ្រខ្មៅពិតមែន។
លោកស្រីអ្នកនាំពាក្យរូបនេះបានសម្ដែងនូវក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងផែសមុទ្រនៃទីក្រុង Odessa និងជាទីតាំងស្ថិតជិតតំបន់ Tranistria ដែលកន្លងមកអ៊ុយក្រែនតែងតែបង្កនូវបញ្ហាតានតឹងនៅក្នុងតំបន់នេះជាប់ជានិច្ច។
គួរឲ្យដឹងដែរថា ប្រព័ន្ធត្រួតពិនិត្យសារធាតុវិទ្យុសកម្មត្រូវបានបិទដំណើរការក្នុងអំឡុងពេលនៃការដឹកជញ្ជូនមកដល់ ហើយជឿជាក់នាវាដែលដឹកសារធាតុវិទ្យុសកម្មទាំងនោះគឺជានាវារបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋ Ohio សហរដ្ឋអាមេរិក Frontier Technology Corporation៕