ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា
ភ្នំពេញ៖ នៅ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ។
គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទបន្ថែមទៀតរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ លើវិស័យអនុវត្តច្បាប់។
ក្នុងជំនួបនេះ ភាគីទាំងពីរបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហការអនុវត្តច្បាប់រវាងនគរបាលកម្ពុជា និងនគរបាលកូរ៉េ ដោយក្នុងនោះ ឯកឧត្តមបណ្ឌិត Park Jung-Wook បានថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលតែងតែនៅផ្តល់នូវកិច្ចការពារសុវត្ថិភាព សន្តិសុខជូននិវេសនដ្ឋានស្ថានទូត បុគ្គលិកការទូត អ្នកទេសចរណ៍ វិនិយោគិន ក៏ដូចជាពលរដ្ឋកូរ៉េ ដែលកំពុងធ្វើការងារក៏ដូចជាប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ជូនឯកឧត្តមបណ្ឌិត Park Jung-Wook អំពីការផ្តល់អាទិភាពក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនជនបរទេសទាំងអស់ដែលមានវត្តមានៅក្នុងប្រទេសកម្ពុជា រួមទាំងពលរដ្ឋកូរ៉េផងដែរ។
ភាគីទាំងពីរ ក៏បានឯកភាពគ្នាបន្តពង្រឹងពង្រីកនូវលទ្ធផលកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែទូលំទូលាយ និងជិតស្និទ ជាពិសេសការគាំទ្រជួយគ្នាទៅវិញទៅមកលើការបំពាក់ឧបករណ៍ សម្ភារៈ បច្ចេកទេសសន្តិសុខ ក៏ដូចជាការបណ្តុះបណ្តាលកសាងសមត្ថភាពមន្រ្តី៕