ប្រេស៊ីលមិនខ្វល់ការទាមទាររបស់អាមេរិកជុំវិញបញ្ហានាវាចម្បាំងអ៊ីរ៉ង់២គ្រឿង
បរទេស ៖ ទោះបីជាមានការព្រមាន និងការដាក់សំពាធពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក្តី ប៉ុន្តែរដ្ឋាភិបាលនៃប្រទេសប្រេស៊ីលនៅតែធ្វើការសម្រេចចិត្តក្នុងការអនុញ្ញាតឲ្យនាវាចម្បាំងចំនួន២គ្រឿងរបស់ប្រទេសអ៊ីរ៉ង់សុំចូលចតនៅក្នុងផែនៃរដ្ឋធានីរបស់ខ្លួនដដែល។
គេមើលឃើញថា នាវាចម្បាំងរបស់អ៊ីរ៉ង់ដែលមានដូចជា IRIS Makran និង IRIS Dena បានចូលចតនៅក្នុងផែនារដ្ឋធានី Rio de Janerio នឹងបន្តមានវត្តមាននៅទីនោះរហូតដល់ថ្ងៃទី៤ ខែមីនាមុនពេលពួកគេត្រូវធ្វើដំណើរបន្តទៅកាន់ព្រែកជីកប៉ាណាម៉ាដែលពុះចែករវាងទ្វីបអាមេរិក។
គួរឲ្យដឹងដែរថា ការសម្រេចចិត្តរបស់ប្រេស៊ីលបានធ្វើឡើងទាំងដែលបានទទួលការព្រមាន និងការដាក់សំពាធដោយផ្ទាល់ពីអាមេរិកតាមរយៈអគ្គរដ្ឋទូតអាមេរិក Elizabeth Bagley ប្រចាំនៅប្រទេសប្រេស៊ីល ហើយក្នុងនោះលោកស្រីធ្លាប់បញ្ជាក់ថា ប្រសិនបើប្រេស៊ីលអនុញ្ញាតនោះ វានឹងក្លាយទៅជាសកម្មភាពដែលជួយសម្របសម្រួលជំនួញបែបខុសច្បាប់ ក៏ជាសកម្មភាពដែលជួយគាំទ្រដល់សកម្មភាពរបស់ក្រុមភេវរកម្មទៀតផង។
អាមេរិក និងអ៊ីរ៉ង់គឺជាគូជម្លោះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយគិតចាប់តាំងតែពីសម័យបដិវត្តរដ្ឋអ៊ីស្លាមឆ្នាំ១៩៧៩ ដែលក្នុងនោះបញ្ហាជាច្រើនបានក្លាយទៅជាចំណាប់ខ្មាំងរវាងប្រទេសទាំងពីររួមមានទាំងជំនួញពាណិជ្ជកម្មប្រេង ជាពិសេសគឺថាមពល និងកម្មវិធីអាវុធនុយក្លេអ៊ែរ៕