មន្ទិលកើតឡើងក្នុងបាល់ទាត់កម្ពុជា ជុំវិញអនាគត់របស់លោក Felix Delmas ជាមួយក្រុមជម្រើសជាតិ
កាលពីយប់មិញនេះ ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Félix Dalmás បានប្រកួតចាញ់ស្រីលង្កា ក្នុងការប្រកួតជម្រុះពានរង្វាន់ប្រចាំទ្វីប AFC Asian Cup Saudi Arabia 2027 ជើងទី២ ដោយវគ្គទាត់បាល់ពិន័យ១១ម៉ែត្រកាត់សេចក្ដី ក្នុងលទ្ធផល ៤-២ ធ្វើឲ្យកម្ពុជាហាលអាវត្រឹមវគ្គនេះ ស្របពេលដែលក្រុមដែលមានកម្រិតក្រោមកម្ពុជាដូចជា ទីម័រខាងកើត និង ប្រ៊ុយណេ សុទ្ធតែឡើងទៅជុំបន្ត។
បន្ទាប់ពីបរាជ័យនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនមានការមិនពេញចិត្តសោះឡើយ ចំពោះការដឹកនាំរបស់លោក Felix Delmas ដ្បិតកម្ពុជា ធ្លាក់ស្ទើតែគ្រប់កម្មវិធី ហើយចាញ់ច្រើនជាងឈ្នះ រហូតដល់មានអ្នកគាំទ្រលើកឡើងថា កម្ពុជា លេងដើម្បីយកបទពិសោធន៍។
យ៉ាងណាមិញ ដើម្បីជាការទទួលខុសត្រូវចំពោះលទ្ធផលមិនល្អនេះ លោក Felix Delmas ក៏បានចេញមុខសុំទោសអ្នកគាំទ្រផងដែរ ដែលក្រុមធ្វើមិនបានល្អ ហើយក៏បានបង្ហើបនូវពាក្យសម្ដីមួយចំនួន ដែលហាក់បញ្ជាក់ថា លោកប្រហែលជាមិននៅជាមួយក្រុមជម្រើសជាតិទៀតឡើយ ដោយលោក បាននិយាយថា ៖«ខ្ញុំហ៊ាននិយាយថា ពួកយើងគ្រប់គ្នា ពិតជាខំប្រឹងទាំងអស់គ្នា ! ខ្ញុំដឹងថា អ្នកទាំងអស់គ្នាសោកស្តាយ តែកីឡាករសោកស្តាយជាងអ្នកទាំងអស់គ្នាទៅទៀត ! ចុងក្រោយ ខ្ញុំជូនពរអោយជម្រើសជាតិកម្ពុជា ធ្វើបានល្អនាប្រកួតក្រោយៗទៀត»។
ថ្លែងទៅកាន់អ្នកសារព័ត៍មានបន្ទាប់ពីការប្រកួតបានបញ្ចប់ លោក Felix Delmas បាននិយាយថា៖ «ខ្ញុំគិតថាអ្នកគាំទ្រ និងកីឡាករ សុទ្ធតែឈឺចាប់ ពីព្រោះនេះគឺជាអ្វីដែលពួកគេបានផ្ដល់មកឱ្យអស់ហើយ ហើយក៏ព្រោះតែពួកគេពិតជាខ្វាយខ្វល់ជាខ្លាំង វាមិនងាយស្រួលទេក្នុងការមកកាន់ក្រុមជម្រើសជាតិ នៅពេលដែលអ្នកគាំទ្រតាមបណ្ដាញសង្គមបានធ្វើការវាយប្រហារពាក្យសម្ដីមកលើអ្នក វាមិនងាយស្រួលទេ (ខ្ញុំនិយាយនេះចំពោះតែកីឡាករទេ)។ ពេលគេវាយប្រហារអ្នក នៅពេលដែលគេនិយាយអ្វីៗគ្រប់យ៉ាង កីឡាករទាំងនោះមិនចាំបាច់មកក្រុមជម្រើសជាតិក៏បាន ពួកគេអាចឆ្លើយថាទេ ហើយធាតុពិតជាក់ស្ដែងកីឡាករមួយចំនួនបានបដិសេធ ព្រោះពួកគេជ្រើសរើសនៅផ្ទះវិញ ពីព្រោះពួកគេមិនត្រូវការទទួលរងសម្ពាធ»។
លោកបានបន្តថា៖« ពួកគេមិនចង់មកហើយត្រូវប្រឈមទេ គេសុខចិត្តនៅផ្ទះ ដូច្នេះកីឡាករដែលមកទីនេះ គេផ្ដល់គ្រប់យ៉ាងដែលគេមាន ខ្ញុំគិតថាខ្ញុំមិនអាចស្នើសុំអ្វីពីពួកគេបានច្រើនជាងនេះទៀតនោះទេ គេផ្ដល់គ្រប់យ៉ាងដែលគេមានសម្រាប់ក្រុមនេះ សម្រាប់ប្រទេសនេះ ព្រោះនេះមិនមែនជាក្រុមរបស់ខ្ញុំ មិនមែនជាក្រុមរបស់ពួកគេដែរ ពួកគេមកទីនេះ ដើម្បីផ្ដល់គ្រប់យ៉ាងដែលគេមាន ដូច្នេះសូមគាំទ្រពួកគេ ជួយពួកគេ គ្រប់មតិយោបល់ដែលវិជ្ជមានពិតជាជួយពិតមែន»។
លោកបានសង្កត់ធ្ងន់ថា៖« មិនថាអ្នកក្រោយណាមកបន្ទាប់ មិនថាខ្ញុំ មិនថាកីឡាករណាថ្មី កម្ពុជាគួរតែមានស្មារតីរួបរួម អ្នកគួរតែរំពឹងថាពួកគេធ្វើអស់ពីលទ្ធភាពដែលគេមាន ព្រោះពួកគេពិតជាធ្វើ ប៉ុន្តែពួកគេត្រូវប្រកួតជាមួយក្រុមដែលពោរពេញទៅដោយថាមពល និងខ្លាំង ហើយប្រសិនបើអ្នកស្រលាញ់កីឡាកររបស់អ្នក មិនគាំទ្រកីឡាកររបស់អ្នក តើនៅសល់អ្វីទៀតសម្រាប់គេ ហេតុអ្វីបានជាពួកគេត្រូវតែការពារ ពួកគេប្រកួតប្រឹងប្រែង ដើម្បីតំណាងអាវរបស់អ្នក។ ពួកគេមកទីនេះ ពួកគេលះបង់ ពេលវេលាជាមួយគ្រួសារ ពេលវេលាជាមួយកូនៗគេ ខ្ញុំគិតថាពួកគេគួរតែទទួលបានការសរសើរ។ ជាចុងក្រោយ ខ្ញុំសង្ឃឹមថា កម្ពុជាបន្តរីកលូតលាស់ បន្តធ្វើឱ្យអស់ពីលទ្ធភាព ប៉ុន្តែយើងត្រូវតែរួមគ្នា វាគួរតែគ្រប់គ្នាជម្រុញក្នុងផ្លូវតែមួយ វាគ្រាន់តែជាលទ្ធផល កម្ពុជាមានអនាគតដ៏ភ្លឺស្វាង ហើយវានឹងមកដល់ថ្ងៃណាមួយ ប៉ុន្តែទាល់តែអ្នកទាំងអស់គ្នារួមគ្នាសម្រាប់កម្ពុជា នេះគឺជាផ្លូវតែមួយគត់»៕