កូនកាត់ខ្មែរអាមេរិក 𝗡𝗶𝗰𝗸 𝗧𝗮𝘆𝗹𝗼𝗿 និយាយបែបនេះ បន្ទាប់ពីការទាត់ប៉េណាល់ទីមិនចូលលើក្រុមស្រីលង្កា
ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីយប់នៅថ្ងៃទី១០ កញ្ញា ២០២៤នេះ ក្រុមគោព្រៃកម្ពុជា បានប្រកួតចាញ់ក្រុមជម្រើសជាតិស្រីលង្កា ដោយទាត់បាល់ពិន័យ១១ម៉ែត្រកាត់សេចក្ដី ៤-២ ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីប AFC Asian Cup Saudi Arabia 2027 ។
ក្នុងវគ្គទាត់បាល់ពិន័យ១១ម៉ែត្រ កាត់សេចក្ដី ក្នុងនោះ គឺ កូនកាត់ខ្មែរអាមេរិក 𝗡𝗶𝗰𝗸 𝗧𝗮𝘆𝗹𝗼𝗿 ជាអ្នកអ្នកស៊ុតបាល់ប៉េណាល់ទីដំបូងគេ ប៉ុន្តែមិនបានសម្រេចដោយសារអ្នកចាំទីស្រីលង្កាសង្រ្គោះបាន។ យ៉ាងណា នៅថ្ងៃព្រហស្បតិ៍ នេះ សមីខ្លួនបានចេញមុខសុំទោសទៅកាន់អ្នកគាំទ្រ ជុំវិញបរាជ័យនេះ។
𝗡𝗶𝗰𝗸 𝗧𝗮𝘆𝗹𝗼𝗿 បាននិយាយនៅបណ្ដាញសង្គម Facebook ផ្លូវការណ៍របស់ខ្លួនថា៖ «ខ្ញុំពិតជាសូមអភ័យទោសទៅកាន់អ្នកគាំទ្រ និងមិត្តរួមក្រុម ខ្ញុំដឹងថា ការទាត់មិនចូលបាល់ប៉េណាល់ទីគ្រាប់ទីមួយ គឺជារឿងដែលពិបាកមួយសម្រាប់អ្នកទាត់ក្រោយៗទៀត។ ខ្ញុំទទួលខុសត្រូវទាំងអស់នេះ ដោយសារតែខ្ញុំមានជំនឿចិត្តលើសមត្ថភាពរបស់ខ្ញុំ តែលទ្ធផលវាមិនដូចអ្វីដែលខ្ញុំចង់បាននោះទេ។ ខ្ញុំមិនចង់បានក្តីអាណិតអាសូរអ្វីនោះទេ ខ្ញុំគ្រាន់តែចង់ធ្វើការសូមអភ័យទោស ខ្ញុំមានអារម្មណ៍ថាខកចិត្តនូវអ្វីដែលខ្ញុំបានធ្វើនេះ»។
កីឡាកររបស់ព្រះខ័នរាជស្វាយរៀងរូបនេះ បានបន្ថែមថា៖« យើងទាំងអស់គ្នា មានអារម្មណ៍ខកចិត្ត ព្រោះយើងចង់ឈ្នះការប្រកួតនោះ ហើយជឿថាយើងអាចធ្វើបាន។ តែវាពិតជាគួរឲ្យសោកស្ដាយក្នុងការទទួលបានលទ្ធផលដែលយើងមិនចង់បាន បើទោះជាជិតឈ្នះយ៉ាងណាក៏ដោយ។ មិនថាមានអ្វីកើតឡើងនាពេលនេះ និងទៅអនាគតទេ ខ្ញុំតែងតែមានមោទនភាពក្នុងការតំណាងឱ្យប្រទេសកម្ពុជា។ បាល់ទាត់ និងជីវិត នឹងបន្តដំណើរទៅមុខទៀត។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នាដែលគាំទ្រយើង សូម្បីតែក្នុងគ្រាដ៏លំបាកនេះ»៕