កីឡាករ លីម លោកាថុង និង កាន់ ម៉ូ បង្ហាញអារម្មណ៍រំភើបដែលបាន ចូលរួមជាមួយក្រុមគោព្រៃកម្ពុជា
(បាល់ទាត់)៖ ខ្សែបម្រើកណ្ដាលរបស់ក្រុម Melville United កីឡាករកូនកាត់ខ្មែរ-នូវែលហ្សេឡង់ លឹម លោកាថុង និងខ្សែការពាររបស់វិសាខា កីឡាករចូលសញ្ជាតិ កាន់ ម៉ូ បានបង្ហាញអារម្មណ៍រំភើប បន្ទាប់ពីចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិឈុតធំកម្ពុជា ជាលើកដំបូង ដើម្បីត្រៀម AFC Asian Cup Saudi Arabia 2027 វគ្គជម្រុះ ទល់ក្រុមជម្រើសជាតិស្រីលង្កា។
ថ្លែងក្នុងបទសម្ពាសន៍ជាមួយអ្នកសារព័ត៍មាននៅជំរុំហ្វឹកហាត់ លឹម លោកាថុង បាននិយាយថា៖ ពិតណាស់ ខ្ញុំពិតជាអរគុណដល់គ្រូបង្គោលជម្រើសជាតិ ដែលអាចឱ្យខ្ញុំបានក្លាយជាផ្នែកពាក់ព័ន្ធនៃដំណើរការរបស់ក្រុមជម្រើសជាតិឈុតធំ ខ្ញុំរីករាយ និងពិតជាមានកិត្តិយសដែលជាចំណែកជាមួយជម្រើសជាតិឈុតធំ ហើយខ្ញុំទន្ទឹងរង់ចាំក្នុងបង្ហាញឱ្យអស់លទ្ធភាពដែលធ្វើទៅបាន»។
យុវជនវ័យ១៧ឆ្នាំ រូបនេះ បានបន្តថា៖« ក្ដីរំពឹងរបស់ខ្ញុំ ដោយសារខ្ញុំស្គាល់កីឡាករមួយចំនួនស្រាប់តាមរយៈការមើលពួកគាត់ប្រកួតក្នុងខេមបូឌានព្រីមៀរលីគ ពួកគេល្អណាស់ ខ្ញុំរំពឹងពួកគាត់ថានឹងល្អ ហើយពិតណាស់ខ្ញុំទន្ទឹងរង់ចាំជាមួយនឹងបទពិសោធន៍នេះទាំងមូល។ ខ្ញុំពិតជាអរគុណដល់លោកគ្រូ Felix ដែលបានកោះហៅខ្ញុំ វានឹងក្លាយជាជំហានធំ ម្រើសជាតិឈុតធំ វាខុសពីក្រុមយុវជនអាយុក្រោម១៩ឆ្នាំ ខុសទាំងល្បឿន ព្រមទាំងកម្លាំង។ វាពិតជារឿងគួរឱ្យភ្ញាក់ផ្អើលមួយដែរសម្រាប់ខ្ញុំ មួយជិវិតរបស់ខ្ញុំគឺតែងតែស្រមៃលេងឱ្យជម្រើសជាតិកម្ពុជា ហើយត្រឹមវ័យ១៧ឆ្នាំវាពិតជាភ្ញាក់ផ្អើលសម្រាប់ខ្ញុំ សារជាថ្មីម្តងទៀតខ្ញុំពិតជាអរគុណមែនទែន»។
ចំណែកខ្សែការពារវ័យរបស់ក្រុមបាល់ទាត់វិសាខា កីឡាករ កាន់ ម៉ូ បានលើកឡើងថា៖ «ខ្ញុំពិតជាមានកិត្តិយស ដែលបានមកទីនេះ ជាមួយក្រុមកីឡាករ។ ខ្ញុំពិតជាសប្បាយចិត្ត និងចូលចិត្តសម្រាប់ការហ្វឹកហាត់ដំបូងនេះ និងមានក្ដីរីករាយជាមួយអ្នករាល់គ្នា។ ខណៈពេលនេះដែលខ្ញុំទើបតែមកដល់ កីឡាករទាំងអស់បានស្វាគមន៍ខ្ញុំ ហើយខ្ញុំពិតជារីករាយដែលគ្រប់គ្នាទទួលយកខ្ញុំ និងរួសរាយជាមួយខ្ញុំ ដូច្នេះខ្ញុំគិតថាមិនអីទេ យើងទាំងអស់គ្នាចុះសម្រុងល្អ»។
កីឡាករវ័យ ៣១ឆ្នាំ រូបនេះ បានបន្ថែមថា៖ «សម្រាប់ខ្ញុំគិតថា នឹងជម្រុញខ្លួនឯង កាន់តែខ្លាំងដែលអាច តាមដែលអាចធ្វើទៅបាន ដើម្បីជួយក្រុមជម្រើសជាតិ យកឈ្នះស្រីលង្កា នៅជើងទី១។ ហើយជាការពិតណាស់បួកយើងចង់ឈ្នះការប្រកួតអោយបានច្រើនតាមដែលអាចធ្វើបាន។ ដូចដែលបាននិយាយ គឺតែងតែលេង ១០០ភាគរយ ដូច្នេះគឺខ្ញុំលេង ១០០ភាគរយ និងបញ្ចេញឱ្យអស់ពីចិត្តសម្រាប់ប្រទេសកម្ពុជា»។
ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំលោក Félix Dalmás បានកោះហៅ កីឡាករ ចំនួន ២៤នាក់ ក្នុងនោះក៏មានវត្តមានកីឡាករចូលសញ្ជាតិ ៣រូបផងដែរ រួមមាន៖ Mohammed Faeez មានឈ្មោះខ្មែរថា «កាន់ ម៉ូ» សមាជិករបស់វិសាខា Yudai Ogawa សមាជិករបស់ភ្នំពេញក្រោន និង Hikaru Mizuno របស់ព្រះខ័នរាជស្វាយរៀង។
មិនតែប៉ុណ្ណោះ ក៏មានកីឡាករកូនកាត់ចំនួន២រូបផងដែរ គឺកីឡាករកូនកាត់ខ្មែរ-អាមេរិក ថេឡរ នីកូឡាស់ និងកីឡាករកូនកាត់ខ្មែរ-នូវែលហ្សេឡង់ លឹម លោកាថុង។
គួរបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា ត្រូវប្រកួតពានរង្វាន់ AFC Asian Cup Saudi Arabia 2027 វគ្គជម្រុះ ជាមួយក្រុមជម្រើសជាតិស្រីលង្កា ចំនួន២ជើង ពោលគឺជើងទី១ ធ្វើឡើងនៅថ្ងៃទី៥ ខែកញ្ញា នៅទីក្រុង 𝗖𝗼𝗹𝗼𝗺𝗯𝗼 ប្រទេសស្រីលង្កា ខណៈជើងទី២ ប្រកួតនៅថ្ងៃទី១០ ខែកញ្ញា នៅពហុកីឡដ្ឋាជាតិអូឡាំពិក៕