មេដឹកនាំតួកគីគំរាមប្រើយោធាវាយប្រហារប្រទេសអ៊ីស្រាអែល ដើម្បីបញ្ឈប់សង្គ្រាមនៅតំបន់ហ្គាហ្សា
បរទេស៖ មេដឹកនាំតួកគីលោក Recep Tayyip Erdoğan កាលពីថ្ងៃអាទិត្យបានគំរាមអន្តរាគមន៍ដោយយោធាចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីបញ្ឈប់សកម្មភាពសង្គ្រាមរបស់ទីក្រុង Jerusalem នៅតំបន់ហ្គាហ្សា បន្ទាប់ពីមានវោហាសាស្ត្រពីមេយោធាទីពីររបស់អង្គការណាតូ។
នៅក្នុងជំនួបជាមួយគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AKP) ប្រធានាធិបតី លោក Recep Tayyip Erdoğan បាននិយាយថា ទួរគី ត្រូវតែខ្លាំង ដើម្បីកុំឱ្យអ៊ីស្រាអែលធ្វើរឿងកាន់តែក្តៅចំពោះប៉ាឡេស្ទីន ។
លោកបាននិយាយទៀតថា៖ «ដូចជាយើងធ្លាប់វាយចូលក្រុងការ៉ាបាក លីប៊ី យើងប្រហែលធ្វើស្រដៀងនឹងដែរ»។
ភ្លាមៗ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Katz បាននិយាយត្រលប់មកវិញថា លោក Erdoğan នឹងជួបនូវជោគវាសនាដូចអតីតប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ាក់ លោក Saddam Hussein ដែលត្រូវបានប្រហារជីវិតដោយការព្យួរកក្នុងឆ្នាំ ២០០៦។
លោករដ្ឋមន្ត្រីរូបនេះបន្ថែមថា លោក Erdoğan នឹងមានវាសនា តាមគន្លងរបស់លោក Saddam Hussein បើមានគម្រោងវាយប្រហារអ៊ីស្រាអែល។
ការគំរាមរបស់លោកប្រធានាធិបតីទួរគីកើតឡើងនៅពេលដែលអ៊ីស្រាអែលប្រឈមមុខនឹងការឈ្លានពានកាន់តែខ្លាំងឡើងពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដែលគាំទ្រដោយអ៊ីរ៉ង់ រួមទាំងក្រុមហាម៉ាស់ Houthi និងក្រុមភេរវករ Hezbollah ។
ទោះជាយ៉ាងណា លោក Erdoğan មិនបានរៀបរាប់លម្អិតអំពីអន្តរាគមន៍យោធាទួរគីទាក់ទងនឹងអ្វីនោះទេ ទោះបីជាលោកធ្លាប់ជាអ្នករិះគន់យ៉ាងចាស់ដៃចំពោះសង្គ្រាមនៅតំបន់ហ្គាហ្សាក៏ដោយ។
យ៉ាងនេះក្តី រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានជំរុញឱ្យអង្គការណាតូបណ្តេញប្រទេសទួរគី ចេញពីសម្ព័ន្ធមិត្តរបស់ខ្លួន បន្ទាប់ពីប្រធានាធិបតីបានគំរាមវាយលុកប្រទេសអ៊ីស្រាអែលរបស់ខ្លួន ដូចទៅនឹងវាយចូលប្រទេសលីប៊ី និង Nagorno-Karabakh នាពេលកន្លងមក៕