កម្ពុជានឹងមានមជ្ឈមណ្ឌលភស្តុភារទំនើបលំដាប់ពិភពលោកដំបូងគេនាពេលឆាប់ៗនេះ
ភ្នំពេញ ៖ ក្រុមហ៊ុនសិង្ហបុរី និងកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយជាមួយនឹងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ( IFC) លើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារទំនើបលំដាប់ពិភពលោក ដែលគម្រោងនេះ មានទឹកប្រាក់ប្រមាណ៣០០លានដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ IFC ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។
បើតាម IFC ឱ្យដឹងថា ក្រុមហ៊ុនពីរដែលបានចុះហត្ថលេខាជាមួយIFC មានក្រុមហ៊ុនកម្ពុជា Worldbridge Group និងក្រុមហ៊ុនសិង្ហបុរី YCH Group ដែលទីតាំងយុទ្ធសាស្ត្ររបស់ មជ្ឈមណ្ឌលភស្តុភារទំនើប(SuperPortTM ) នៅរាជធានីភ្នំពេញ ដែលជាចំណុចកណ្តាលនៃប្រទេស និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ខ្លួន ជាមួយនឹងការតភ្ជាប់ទៅកាន់គ្រប់មធ្យោបាយនៃការដឹកជញ្ជូន នឹងអាចឱ្យ SuperPortTM ក្លាយជាកន្លែងដឹកជញ្ជូនពហុទម្រង់ពេញលេញដំបូងបង្អស់របស់ប្រទេសកម្ពុជា។
សេចក្ដីប្រកាសរបស់ IFC ឱ្យដឹងទៀតថា ដោយសារប្រទេសកម្ពុជាស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់មេគង្គ SuperPortTM អាចដើរតួជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្តុភារក្នុងតំបន់ ដែលរួមចំណែកដល់ការផ្លាស់ប្តូរផ្លូវពាណិជ្ជកម្មតាមប្រទេសកម្ពុជា។ ការណ៍នេះនឹងជួយកាត់បន្ថយការចំណាយលើផ្នែកភស្តុភារទាំងមូល ការកែលម្អប្រសិទ្ធភាពច្រវ៉ាក់ផ្គត់ផ្គង់ ដើម្បីធ្វើសមាហរណកម្មក្នុងតំបន់ និងជំរុញការប្រកួតប្រជែងរបស់កម្ពុជា ។
លោក Robert Yap ប្រធានប្រតិបត្តិនៃក្រុមហ៊ុនYCH Group ឱ្យដឹងថា ជាផ្នែកមួយនៃគំនិតផ្តួចផ្តើម SGConnect និងគម្រោងទីពីររបស់ខ្លួន Cambodia SuperPortTM នឹងលើកកម្ពស់ភាពប្រកួតប្រជែង និងភាពទាក់ទាញរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពហុទម្រង់លំដាប់ពិភពលោក ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច ។
លោកបន្តថាយើងមានទំនុកចិត្តថា Cambodia SuperPortTM នឹងក្លាយជាកម្លាំង ចលករដ៏សំខាន់មួយក្នុងការជំរុញច្រវ៉ាក់ផ្គត់ផ្គង់ និងការតភ្ជាប់ភស្តុភារសម្រាប់អាស៊ាន និងក្រៅពីអាស៊ាន ជាមួយនឹងការប្រើប្រាស់បច្ចេកវិជ្ជាទំនើប និងដំណើរការល្អបំផុត ដើម្បីកែលម្អថ្លៃដើមនៃភស្តុភារ និងពេលវេលាទៅកាន់ទីផ្សារក៏ដូច“ជាការអភិវឌ្ឍទេពកោសល្យក្នុងស្រុក ដើម្បីលើកកំពស់ស្តង់ដារសម្រាប់ឧស្សាហកម្មភស្តុភារក្នុងប្រទេសកម្ពុជា» នេះជាប្រសាសន៍របស់លោក Robert Yap ប្រធានប្រតិបត្តិនៃក្រុមហ៊ុន YCH Group និងជាប្រធានក្រុមប្រឹក្សាប្រឹក្សាធុរកិច្ច អាស៊ានរបស់ប្រទេសសិង្ហបុរី។
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុនWorldBridge Group មានប្រសាសន៍ថា គ្រឿងបរិក្ខារនេះនឹងក្លាយជាការរួមចំណែកយ៉ាងសំខាន់ក្នុងការរីកចម្រើនរបស់ប្រទេសកម្ពុជា តាមរយៈការផ្តល់គ្រឿងបរិក្ខារសម្រាប់ការផលិតជំនាន់ក្រោយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាមួយនឹងក្រុមហ៊ុន YCH Group ដឹកនាំគម្រោងនេះ យើងមានទំនុកចិត្តថាសមត្ថភាពរបស់ Cambodia SuperPortTM ជាមជ្ឈមណ្ឌលផលិតកម្មដែលមានតម្លៃបន្ថែមផ្នែកដឹកជញ្ជូននឹងលើកកំពស់ជំហររបស់ប្រទេសកម្ពុជានៅក្នុងតំបន់ ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ។
លោក Riccardo Puliti អនុប្រធាន សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំតំបន់់អាស៊ីនិងប៉ាស៊ីហ្វិក មានប្រសាសន៍ថា ការអភិវឌ្ឍកំពង់ផែទំនើបលំដាប់ពិភពលោកតម្លៃរាប់លានដុល្លារនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកសេដ្ឋកិច្ចកម្ពុជា និងជំរុញការតភ្ជាប់នៅទូទាំងអាស៊ីអាគ្នេយ៍ ដោយផ្តល់នូវច្រវ៉ាក់ផ្គត់ផ្គង់កាន់តែលឿន និងមានប្រសិទ្ធភាពក្នុងតំបន់ ដែលចុងក្រោយផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ។
អនុប្រធាន IFC ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិករូបនេះថ្លែងថា ភស្តុភារគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ហើយកំពង់ផែទំនើបនេះក៏នឹងគាំទ្រដល់ការរីកចម្រើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មអេឡិចត្រូនិក ហើយ IFC នឹងធ្វើការជាមួយដៃគូរបស់ខ្លួនដើម្បីលើកកម្ពស់ការផលិតដែលមានតម្លៃខ្ពស់នៅក្នុងតំបន់ ខណៈពេលដែលពង្រីកសមាហរណកម្មរបស់ខ្លួនទៅក្នុងច្រវ៉ាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មពិភពលោក ។
យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន YCH Group ឱ្យដឹងថាគម្រោង មជ្ឈមណ្ឌលភស្តុភារទំនើបនេះមានទឹកប្រាក់ប្រមាណ៣០០លានដុល្លារអាមេរិក ដែលវានឹងជួយជំរុញឱ្យវិស័យដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាកាន់តែទំនើប និងរីកចម្រើនទៅមុខកម្រិតមួយទៀត ៕