ក្រុមហ៊ុនចិនដ៏ធំមួយមកពីខេត្ត Sichuan ចាប់អារម្មណ៍វិនិយោគក្នុងវិស័យកសិកម្ម និងសំណង់នៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន Panzhihua Urban Construction ជាក្រុមហ៊ុនដធំមួយរបស់ប្រទេសចិន មកពីក្រុង Panzhihua ខេត្ត Sichuan បានបង្ហាញចំណាប់អារម្មណ៍លើការវិនយោគក្នុងវិស័យកសិកម្ម និងវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ។
ការបង្ហាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុននេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងពេល ឯកឧត្តម ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Yao Bin អនុលេខាបក្សក្រុមនាវានាំមុខនៃរដ្ឋាភិបាលប្រជាជនក្រុង Panzhihua ខេត្ត Sichuan ប្រទេសចិន និងគណៈប្រតិភូ ដែលរួមមានមន្ត្រីជាន់ខ្ពស់មកពីរដ្ឋាភិបាលក្រុង Panzhihua និងថ្នាក់ដឹកនាំក្រុមហ៊ុន Panzhihua Urban Construction និងក្រុមហ៊ុន Transportation (Group) Co., Ltd. មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានៅចុងខែឧសភានេះ។

ឯកឧត្តមទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ អនុលេខាបក្សក្រុង Panzhihua និងគណៈប្រតិភូជាន់ខ្ពស់មកពីរដ្ឋាភិបាលក្រុង Panzhihua ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចដោយផ្ទាល់នៅកម្ពុជា និងបានចាប់អារម្មណ៍សសើរពីការលានុវឌ្ឍភាពនៃការវិនិយោគមកកាន់ប្រទេសកម្ពុជា ក្នុងនោះក៏បានលើកឡើងទាក់ទងជាមួយនឹងការលើកទឹកចិត្តពីរដ្ឋាភិបាលកម្ពុជាដែលផ្ដល់លើសកម្មភាពវិនិយោគ និង វិស័យដែលមានសក្តានុពល និងការវិនិយោគប្រកបដោយចីរភាពដែលស្ថិតក្នុងប្រទេសកម្ពុជា ព្រមទាំងបានយកចិត្តទុកដាក់ជាពិសេសលើការប្រែប្រួលអាកាសធាតុជាដើម។
ជាការឆ្លើយតប លោក Yao Bin អនុលេខាបក្សនៃរដ្ឋាភិបាលក្រុង Panzhihua បានជំរាបជូនឯកឧត្តមទីប្រឹក្សាអំពីគោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងរកឱកាសអាជីវកម្មដែលមានសក្តានុពល ការបង្កើនទំនាក់ទំនងគ្នាទៅវិញទៅមក និងពិភាក្សាអំពីឱកាសក្នុងការសហការណ៏នាពេលអនាគត។

លោកក៏បានថ្លែងបន្តទៀតថា លោកមានការចាប់អារម្មណ៍មកកាន់ប្រទសកម្ពុជាលើវិស័យ២ ធំៗគឺ៖ ការវិនិយោគក្នុងវិស័យកសិកម្ម និងការវិនិយោគក្នុងវិស័យសំណង់ ជាពិសេសក្នុងការស្វែងយល់បន្ថែមអំពីបរិយាកាសធុរកិច្ចកម្ពុជា ឱកាសវិនិយោគ និងផ្នែកសក្តានុពលណាមួយសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ។
ឯកឧត្តមទីប្រឹក្សាបានថ្លែងអំណរគុណដល់លោកអនុលេខាបក្សនៃរដ្ឋាភិបាលក្រុង Panzhihua ចំពោះស្មារតីនៃការផ្តល់ការគាំទ្រនិងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបានជូនពរលោក Yao Bin ព្រមទាំងសហការី ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចការងារនៅរាជធានីភ្នំពេញនាពេលនេះ៕

