ចិនគាំទ្រសំណើកម្ពុជាលើការសិក្សាលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីថែមទៀត
ភ្នំពេញ៖ ក្នុងគោលបំណងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែច្រើន ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស ចិន បានស្វាគមន៍សំណើរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា ឱ្យភាគីចិនសិក្សាលទ្ធភាពពង្រីក ឬបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីបន្ថែមទៀតនៅកម្ពុជា និងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈសំដៅ បង្កើនចំនួនកម្លាំងពលកម្មជំនាញនៅកម្ពុជា។
ការស្វាគមន៍របស់រដ្ឋមន្ត្រីការបរទេសចិននេះ ធ្វើឡើងតាមសំណើរបស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងឱកាសដែលលោក សុខ ចិន្តាសោភា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅប្រទេសចិន កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។
ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសចិន ក៏បានបញ្ជាក់ពីការបន្តគាំទ្រគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា រួមមាន ផ្នែកដឹកជញ្ជូន ឡូជីស្ទិក ប្រព័ន្ធស្រោយស្រព និងប្រព័ន្ធធារាស្ត្រ រួមទាំងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលមានសារសំខាន់ជាយុទ្ធសាស្ត្រដោយចិនមានបទពិសោធន៍ជោគជ័យជាយូរមកហើយលើវិស័យទាំងនេះ។
ទន្ទឹមនេះ ឯកឧត្តម វ៉ាង យី ក៏បានសន្យាលើកទឹកចិត្តក្រុមហ៊ុន និងសហគ្រាសចិនឱ្យធ្វើការវិនិយោគនៅកម្ពុជា និងពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជាថែមទៀត។ ភាគីទាំងពីរ ថែមទាំងបានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងមានសក្តានុពលដូចជា អប់រំ ទេសចរណ៍ កសិកម្មទំនើប ការតភ្ជាប់ សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត។
សូមបញ្ជាក់ថា កិច្ចពិភាក្សាទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរនេះ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសស្និទ្ធស្នាល ស៊ីជម្រៅ និងគ្របដណ្តប់លើការងារអាទិភាពជាច្រើនដែលត្រូវជំរុញអនុវត្ត ដើម្បីលើកកម្ពស់ទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងនោះមានកិច្ចសហប្រតិបត្តិការវិស័យនយោបាយ ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ ថាមពល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរវាងប្រជាជន និងប្រជាជន អប់រំ ទេសចរណ៍ និងវប្បធម៌ ជាដើម។
ភាគីទាំងពីរ ក៏បានសម្ដែងនូវការចំពោះវឌ្ឍនភាពនៃការអនុវត្តកុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ជាពិសេសការបង្កើតច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថាមពលស្អាត ការអភិវឌ្ឍផ្លូវដែក និងការជំរុញកំណើនពាណិជ្ជកម្ម តាមរយៈការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន៕
សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖