Close

ភ្ញៀវទេសចរអាចប្តូរប្រាក់រៀលនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិ Haneda

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ភ្ញៀវទេសចរអាចប្តូរប្រាក់រៀលនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ភ្ញៀវទេសចរអាចប្តូរប្រាក់រៀលនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិ Haneda

តូក្យូ៖ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៤ បានចូលរួមពិធីកាត់ខ្សែបូសម្ភោធដាក់បញ្ចូលប្រាក់រៀលក្នុង តារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីជួយសម្រួលទេសចរជប៉ុនដែលមកទស្សនា ប្រទេសកម្ពុជា ព្រមទាំងជួយជំរុញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនជាងមុន។

សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៨ ខែមេសា នេះ បញ្ជាក់ថា ពីធីកាត់ខ្សែបូធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម គីមទី កោមលី អគ្គនាយកប្រតិបត្តិការនៃធនាគារជាតិនៃកម្ពុជា និង លោក Cameron Hume នាយកផ្នែកលក់ដុំសកល និងជាអគ្គនាយកប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Travelex និងវត្តមានភ្ញៀវកិត្តិយស ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

ប្រភពដដែលបន្ថែមថា វត្តមាននៃប្រាក់រៀលជាលើកដំបូងនៅប្រទេសជប៉ុននេះ នឹងជួយសម្រួលទេសចរជប៉ុនដែលមកទស្សនា ប្រទេសកម្ពុជាឱ្យមានកន្លែងប្ដូរយកប្រាក់រៀលបានដោយងាយស្រួល ព្រមទាំងជួយជំរុញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនជាងមុន។

ប្រភពដដែលបន្តថា សំខាន់ជាងនេះទៀត វត្តមានប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដូចជា នៅទីក្រុងតូក្យូនៃប្រទេសជប៉ុន ជាសក្ខីភាពបញ្ជាក់ថា ប្រាក់រៀល អាចជួញដូរជាលក្ខណៈអន្តរជាតិ ព្រមទាំងឆ្លុះបញ្ចាំងអំពីកំណើននៃជំនឿទុកចិត្ត និងការទទួលស្គាល់ប្រាក់រៀល កាន់តែទូលំទូលាយកម្រិតពិភពលោក។ នេះជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជាក្នុងការរក្សា ស្ថិរភាពប្រាក់រៀលក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។

គួរបញ្ជាក់ថា នេះជាលើកទីពីរហើយដែលធនាគារជាតិនៃកម្ពុជា បានសហការជាមួយក្រុមហ៊ុន Travelex ក្នុងការដាក់បញ្ចូលប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បន្ទាប់ពីបានដាក់បញ្ចូលនៅបញ្ជរក្នុងអាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី កាលពីឆ្នាំ២០២៣។

នៅពេលខាងមុខ ធនាគារជាតិនៃកម្ពុជា នឹងបន្តសហការជាមួយក្រុមហ៊ុន Travelex ដើម្បីដាក់ប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌល ហិរញ្ញវត្ថុអន្តរជាតិជាច្រើនទៀតនៅលើពិភពលោក។

ក្រុមហ៊ុន Travelex ជាក្រុមហ៊ុនប្តូរប្រាក់ធំលំដាប់អន្តរជាតិបានបង្កើតនៅឆ្នាំ១៩៧៦ មានការិយាល័យកណ្តាល នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ។ បច្ចុប្បន្នក្រុមហ៊ុន Travelex មានទីតាំងអាជីវកម្មនៅប្រទេសចំនួន២០ និងមាន បញ្ជរប្តូរប្រាក់ចំនួន ១.១០០ កន្លែងនៅក្នុងអាកាសយនដ្ឋានអន្តរជាតិធំៗ ផ្សារទំនើប និងអគារពាណិជ្ជកម្មល្បីៗជាច្រើនកន្លែងលើពិភពលោក៕

អត្ថបទទាក់ទង