កម្ពុជា នឹងធ្វើការផ្សាយផ្ទាល់នូវកីឡាចំនួន ១៦ប្រភេទក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ២០២៣
(បាល់ទាត់)៖ នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) បានប្រកាសថា កម្ពុជានឹងធ្វើការផ្សាយផ្ទាល់កីឡាចំនួន ១៦ប្រភេទ ក្នុងចំណោមកីឡាទាំង ៣៧ប្រភេទ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
យោងតាមការបង្ហោះក្នុងទំព័រហ្វេសប៊ុកផេកផ្លូវការរបស់គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា ដែលមានឈ្មោះថា Cambodia 2023 បានឲ្យដឹងថា កីឡាចំនួន ១៦ប្រភេទ នឹងធ្វើការផ្សាយផ្ទាល់ (LIVE) ក៏ដូចជាចែកចាយទៅកាន់បណ្ដាប្រទេស ដែលបានទិញសិទ្ធិផ្សាយ។ កីឡាទាំង ១៦ប្រភេទនោះរួមមាន៖ កីឡាបាល់ទាត់, កីឡាអត្តពលកម្ម, កីឡាគុណខ្មែរ, កីឡាហែលទឺក, កីឡាបាល់ទះ, កីឡាប៉េតង់, កីឡាវាយសី, កីឡាសីដក់, កីឡាការ៉ាតេ, កីឡាតៃក្វាន់ដូ, កីឡាប្រដាល់សកល, កីឡាបាល់បោះ, កីឡាបញ្ចសីលា, កីឡាហុកគី, កីឡាតេន្នីស និងកីឡាអេឡិចត្រូនិក។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយមានកីឡាចំនួន ៣៧ប្រភេទ ដាក់ឱ្យប្រកួត ខណៈព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងចាប់ផ្ដើមពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ប្រកួតលើ ១៣ប្រភេទកីឡា៕