គំរូល្អ! ផ្សោតសមុទ្រ ១ក្បាលត្រូវបានអ្នកនេសាទខ្មែរ សង្គ្រោះ និងលែងចូលក្នុងសមុទ្រវិញ
កោះកុង៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមកោតសរសើរ ចំពោះលោក ឈុន ប៊ុនឆួយ នៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបានសង្គ្រោះនិងលែងសត្វផ្សោតក្បាលត្រឡោក១ក្បាល អាយុប្រមាណ៣ឆ្នាំ ទម្ងន់ជាង៤០គីឡូក្រាម ប្រវែងជាង១ម៉ែត្រ ចូលក្នុងសមុទ្រវិញ ។
ការកោតសរសើរនេះ របស់រដ្ឋបាលជលផលធ្វើឡើង បន្ទាប់ពីសត្វផ្សោតនេះបានរុំជាប់នឹងខ្សែរនងនៃឧបករណ៍នេសាទអ្នាក់មឹកសំបកខ្យង នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។
រដ្ឋបាលជលផលបញ្ជាក់ថា សកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទវារីសត្វដែលជិតផុតពូជ។
ជាមួយគ្នានេះ រដ្ឋបាលជលផលសូមកោតសរសើរ និងអំពាវនាវដល់បងប្អូនអ្នកនេសាទ មេត្តាចូលរួមថែរក្សានិងការពារប្រភេទវារីសត្វដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ ដើម្បីថែរក្សាវត្តមានរបស់ប្រភេទវារីសត្វទាំងនេះឱ្យសំបូរ សម្រាប់កូនចៅជំនាន់ក្រោយ។
អង្គការ WWF ធ្លាប់បានលើកពីបញ្ហាប្រឈមរបស់អ្នកអភិរក្សសត្វផ្សោត ក៏ដូចជារដ្ឋបាលជលផលជួបរួមមាន មង ការឆក់ត្រជាក់-ក្តៅ ការបំពុល ការនេសាទហួសកម្រិត ការប្រែប្រួលអាកាសធាតុ និងការបំរែបម្រួលលំហូទឹក។ ដូច្នេះ ការដែលអ្នកនេសាទលែងវិញនេះ គឺជារឿងល្អ និងជួយអភិរក្សត្រីផ្សោតឱ្យរស់រានមានជីវិត ដើម្បីទុកជាមរតកសម្រាប់អ្នកជំនាន់ក្រោយ៕