រដ្ឋាភិបាលមូស្គូបង្ហាញពីតួលេខចុងក្រោយនៃការបាត់បង់របស់យោធាអ៊ុយក្រែន
បរទេស ៖ ក្រសួងការពារជាតិរបស់ប្រទេសរុស្សីកាលពីថ្ងៃម្សិលមិញនេះបានប្រកាសអំពីចំនួនតួលេខចុងក្រោយដែលមានសម្រាប់ខែមករាកន្លងមកនេះ។
ត្រឹមរយៈពេលមួយខែនេះយោធារបស់ប្រទេសអ៊ុយក្រែនដែលបានបាត់បង់ជីវិតសរុបមានទៅដល់ ៦,៥០០នាក់ហើយព្រមទាំងរថក្រោះ និងយន្តហោះចម្បាំងជាច្រើនផ្សេងទៀតផងដែរ។
រដ្ឋមន្ត្រីការពារជាតិ Sergey Shoigu កាលពីថ្ងៃអង្គារបានថ្លែងថា ជំនួយយោធាជាច្រើនរបស់លោកខាងលិចមកដល់ពេលនេះនឹងមិនអាចជួយដល់រដ្ឋាភិបាលក្រុងគៀវទទួលបានជោគជ័យក្នុងប្រតិបត្តិការនោះឡើយ។
លោករដ្ឋមន្ត្រីបានបន្តថា៖ក្នុងរយៈពេល១ខែដំបូងដើមឆ្នាំប៉ុណ្ណោះការបាត់ង់របស់អ៊ុយក្រែនមានដូចជាយោធាសរុបចំនួន ៦,៥០០នាក់, យន្តហោះចម្បាំង ២៦គ្រឿងឧទ្ធម្ភាគចក្រ៧គ្រឿង, រថយន្តយោធា ២០៨គ្រឿង, រថក្រោះ ៣៤១គ្រឿង និងអាវុធយុទ្ធភ័ណ្ឌជាច្រើនទៀត។
គួរឲ្យដឹងដែរថា កាលពីខែមុន អគ្គសេនាធិការចម្រុះអាមេរិក លោក Mark Milley បានទទួលស្គាល់ថាអ៊ុយក្រែនពេលនេះកំពុងស្ថិតនៅក្នុងស្ថានភាពនៃការប្រយុទ្ធដ៏លំបាកបំផុតមួយ ហើយបានកត់សម្គាល់ថា អ៊ុយក្រែននឹងមិនអាចរុញច្រានកងកម្លាំងរុស្ស៊ីឲ្យចេញពីទឹកដីដែលកំពុងគ្រប់គ្រងក្នុងពេលឆាប់ៗនោះទេ៕