វិមានក្រមឡាំងចោទសួររដ្ឋសមាជិកណាតូដែលបង្កើនកម្លាំងយោធាក្បែរព្រំដែន
បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីសប្ដាហ៍កន្លងទៅនេះបានប្រាប់ទៅកាន់ក្រុមអ្នកកាសែតក្នុងនិងក្រៅស្រុកជាច្រើននាក់ថា ប្រទេសហ្វាំងឡង់គ្មានមូលហេតុអ្វីដែលគួរតែធ្វើការពង្រីកកងកម្លាំងយោធារបស់ខ្លួនៅក្បែរព្រំដែនជាមួយនឹងរុស្សីនោះឡើយ។
មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ទៀតថាការសម្រេចចិត្តយោធាបែបនេះនឹងបានត្រឹមធ្វើឲ្យភាពតានតឹងកើនឡើងថែមទៀតប៉ុណ្ណោះក្នុងបញ្ហាកាទូតជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គូ។
អ្នកនាំពាក្យលោក Peskov បាននិយាយដែរថាមកទល់ពេលនេះគ្មាននរណាម្នាក់ និងគ្មានអ្វីដែលបានគំរាមកំហែងប្រទេសហ្វាំងឡង់ឡើយហើយលោកបានហៅការកសាងទីតាំងយោធាថាជាវិធានការហួសហេតុក្នុងការការពារព្រំដែន ពីព្រោះគ្មានការគំរាមកំហែង និងគ្មានភាពតានតឹងពិតប្រាកដនៅទីនោះទេ។
កាលពីពេលកន្លងទៅថ្មីៗនេះ ប្រទេសប៉ូឡូញអះអាងថាខ្លួននឹងបញ្ជូនក្រុមអ្នកជំនាញយោធាទៅកាន់ព្រំដែនហ្វាំងឡង់ជាមួយប្រទេសរុស្ស៊ី។
ប្រធានការិយាល័យសន្តិសុខជាតិប៉ូឡូញ លោក Jacek Siewiera បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ X ថាសំណើមួយដោយរដ្ឋាភិបាលទីក្រុង Helsinkiដើម្បីស្វែងរកការគាំទ្រពីសម្ព័ន្ធមិត្តត្រូវបានធ្វើឡើង ចំពោះមុខការវាយប្រហារកូនកាត់នៅព្រំដែនហ្វាំងឡង់។
គួរឲ្យដឹងដែរថា មន្ត្រីប៉ូឡូញបានបន្ថែមថាក្រុមទីប្រឹក្សាយោធានឹងធ្វើការសិក្សាស្វែងយល់បន្ថែមនៅនឹងកន្លែង ស្តីពីសន្តិសុខព្រំដែន រួមទាំងផែនការប្រតិបត្តិការ ផងប៉ុន្តែដោយមិនបានបង្ហាញពីចំនួនពិតប្រាកដនៃអ្នកជំនាញដែលទីក្រុង Warsaw គ្រោងនឹងបញ្ជូន៕