Close

ឥណ្ឌា សម្រេចបញ្ចប់ការប្រើប្រាស់យន្តហោះចម្បាំងសល់ពីសម័យសូវៀត MiG-21 ទាំងអស់

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ឥណ្ឌា សម្រេចបញ្ចប់ការប្រើប្រាស់យន្តហោះចម្បាំងសល់ពីសម័យសូវៀត MiG-21 ទាំងអស់ ឥណ្ឌា សម្រេចបញ្ចប់ការប្រើប្រាស់យន្តហោះចម្បាំងសល់ពីសម័យសូវៀត MiG-21 ទាំងអស់

បរទេស៖ រដ្ឋាភិបាលទីក្រុងញូវដេលីបានប្រកាសកាលពីថ្ងៃពុធម្សិលមិញហើយថានឹងបញ្ចប់ទៅនៃការហោះហើររបស់យន្តហោះចម្បាំងដែលសល់ពីសម័យសូវៀត MiG-21Tទាំងអស់ចេញពីកងកម្លាំងទ័ពអាកាសរបស់ខ្លួនដោយជំនួសមកវិញនូវយន្តហោះចម្បាំងដែលផលិតក្នុងស្រុក។

តាមផែនការឥណ្ឌានៅត្រឹមឆ្នាំ២០២៥នឹងមិនមានប្រតិបត្តិការយន្តហោះចម្បាំង MiG-21 ទៀតឡើយនៅក្នុងជួរទ័ពរបស់ខ្លួនខណៈដែលបច្ចុប្បន្នវាកំពុងត្រូវបានប្រើប្រាស់នៅក្នុងកងពលធំមួយដែលមានចំនួនសរុបដល់ទៅ៥៤គ្រឿង និងត្រូវបានគេដឹងថា ជាយន្តហោះដែលបានទិញពីសហភាពសូវៀតកាលពីជាង៦០ឆ្នាំមុនមកម្ល៉េះ។

យោងតាមការប្រកាសដោយកងកម្លាំងយោធាឥណ្ឌាយន្តហោះចម្បាំងចាស់ៗទាំងនោះនឹងត្រូវជំនួសមកវិញដោយយន្តហោះចម្បាំងក្នុងស្រុកប្រភេទ Tejas Mark 1A ដំណាក់កាលដំបូងចំនួន៨៣គ្រឿងហើយនិងជំហ៊ានបន្ទាប់ចំនួន៩៧គ្រឿងនៅពេលក្រោយ។

មេបញ្ជាការកងទ័ពអាកាសរបស់ឥណ្ឌាម្នាក់បានអះអាងថាយន្តហោះចម្បាំងសម័យសូវៀត MiG-21 នឹងត្រូវចូលរួមក្នុងពិពណ៍អាកាសនិងការហោះហើរជាលើកចុងក្រោយនៅក្នុងទីក្រុង Prayagraj នៅថ្ងៃអាទិត្យខាងមុខនេះហើយ។

គួរឲ្យដឹងដែរថាកន្លងមកជាយូរហើយយន្តហោះចម្បាំងដែលផលិតនៅសម័យសូវៀតនិងប្រទេសរុស្សីគឺជាឆ្អឹងខ្នងដ៏សំខាន់នៃកងទ័ពអាកាសរបស់ឥណ្ឌាដោយក្រៅតែពីយន្តហោះចម្បាំងម៉ូដេល MiG-21 ទាំង៥៤គ្រឿងនេះប្រទេសឥណ្ឌាក៏កំពុងប្រតិបត្តិការយន្តហោះចម្បាំងសល់ពីសូវៀតប្រភេទ MiG-29 ចំនួន៧៥គ្រឿងនិងជាពិសេសយន្តហោះចម្បាំងរុស្សីសម័យថ្មី Sukhoi Su-30 ចំនួន២៦០គ្រឿងផ្សេងទៀតផងដែរ។

យោងតាមតួលេខពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បានឱ្យដឹងថា ឥណ្ឌាគឺជាប្រទេសនាំចូលអាវុធធំជាងគេបំផុតរបស់ពិភពលោក ហើយប្រភព៥៤ភាគរយ នៃអាវុធ និងឧបករណ៍យោធារបស់ខ្លួនគឺជាអាវុធដែលបញ្ជាទិញពីប្រទេសរុស្ស៊ី ខណៈដែលបារាំងគឺជាអ្នក​ផ្គត់ផ្គង់​សព្វាវុធ២៩ភាគរយ ហើយអាមេរិក​មានចំណែក ១១ភាគរយ៕

អត្ថបទទាក់ទង