ធនាគារពិភពលោក និងក្រសួងបរិស្ថានពិភាក្សាគ្នាពីគម្រោងគ្រប់គ្រងប្លាស្ទិកនៅកម្ពុជា សំដៅពង្រឹងសុខភាពសាធារណៈ
ភ្នំពេញ : ទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យលោកស្រី Maryam Salim ប្រធានគ្រប់គ្រងប្រចាំនៅប្រទេសកម្ពុជា នៃធនាគារពិភពចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងគោលដៅលើកកម្ពស់សុខភាពសាធារណ: ។
ក្នុងជំនួបនេះ លោកស្រី Maryam Salim បានលើកឡើងពីគោលបំណងនៃគម្រោងហិរញ្ញប្បទានដែលមានឈ្មោះថា គម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិកនៅកម្ពុជា (Solid Waste and Plastic Management in Cambodia) ។
ជាក់ស្ដែង គម្រោងនេះមានរយៈពេល៦ឆ្នាំ ហើយអនុវត្តនៅក្នុងខេត្តចំនួន៥ រួមមានសៀមរាប បាត់ដំបង កណ្តាល កំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ជាមួយគ្នានេះ គម្រោងបានកំណត់គោលដៅចម្បងលើការប្រមូលសំរាម សំណល់រឹងនៅទីប្រជុំជន និងពង្រីកវិសាលភាពលើការផ្តល់ សេវាពី ៤៥%ទៅ ៧៥%។ ការរៀបចំទីលានទុកដាក់សំរាម សំណល់រឹង ដែលអាចទុកដាក់សំរាម សំណល់រឹងបានជាង ៣លានម៉ែត្រគូប នៅខេត្តសៀមរាប កណ្ដាល និងខេត្តកំពង់ស្ពឺ។
តាមរយៈការអនុវត្តគម្រោងនេះ វានឹងអាចជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ជាង៤លានតោន និងទាញយកធនធាន ពីសំណល់ និងប្លាស្ទិក ដោយបន្ថយបរិមាណសំរាម សំណល់នៅទីលានពី ៥% ទៅ ១៥% ហើយគម្រោងនេះក៏នឹងផ្តល់អត្ថប្រយោជន៍ ជាពិសេសដល់ស្រ្តីជាង៦០%។
គួររំលឹកថា គម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ជាគម្រោងដែលគាំទ្របន្ថែមទៅដល់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសមត្ថភាពរបស់ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងសំរាម សំណល់ និងសំណល់ប្លាស្ទិក ជំរុញក្រុមហ៊ុនពាក់ព័ន្ធក្នុងការប្រមូលសំរាមឱ្យខិតខំកែលម្អសេវារបស់ខ្លួន និងរៀបចំឱ្យមានប្រព័ន្ធបង់ថ្លៃសេវាមួយមានដំណើរការល្អជាងមុន សម្រាប់ទ្រទ្រង់ដល់ប្រតិបត្តិការប្រមូលសំរាមមួយដែលមានចីរភាពផ្នែកបរិស្ថាន ហិរញ្ញវត្ថុ និងសង្គមថែមទៀត។
គម្រោងនេះត្រូវបានរៀបចំឡើងដោយមានបញ្ចូលនូវការកំណត់លក្ខណៈសម្បត្តិចាំបាច់សម្រាប់ការចូលរួមរបស់ទីក្រុង និងទីប្រជុំជននានានៅក្នុងគម្រោង និងសម្រាប់ធានាឱ្យបានថា បណ្តាទីក្រុងដែលចូលរួម ត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ដំណើរការនៃការវិនិយោគរបស់ខ្លួន ឱ្យបានទៀងទាត់។
លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ កាលពីពេលកន្លងទៅថា៖ ការកែលម្អការងារគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក គឺជារឿងមួយសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា រួមទាំងតាមរយៈវិស័យទេសចរណ៍របស់ខ្លួនផងដែរ។
លោកស្រីមានប្រសាសន៍បន្ថែមទៀតថា៖ បញ្ហាសំរាមប្លាស្ទិកក្នុងផ្ទៃសមុទ្រគ្មានស្គាល់ព្រំដែនទេ ដូច្នេះគម្រោងនេះក៏នឹងជួយដល់ថ្នាក់ជាតិ នៅក្នុងការដោះស្រាយបញ្ហាសំណល់ប្លាស្ទិកក្នុងដែនសមុទ្ររបស់ខ្លួនផងដែរ។
លើសពីនេះ គម្រោងនឹងជួយពង្រីកសេវាប្រមូលសំរាមឱ្យគ្របដណ្តប់តាមខ្នងផ្ទះកាន់តែច្រើននិងកាន់តែទៀងទាត់ ហើយកាលណាសមត្ថភាពរបស់ទីលានទុកដាក់សំរាម ការកែច្នៃសំរាម និងការយកសំរាមធ្វើកំប៉ុស្ត ត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើង វាមុខជានឹងនាំមកនូវផលវិជ្ជមានដល់សុខភាពសាធារណៈ បរិស្ថាន និងទេសចរណ៍ជាមិនខាន៕