រុស្ស៊ី ព្រមានវាយប្រហារអាល្លឺម៉ង់ប្រសិនបើរដ្ឋាភិបាលទីក្រងប៊ែរឡាំងហ៊ានផ្តគ់ផ្គង់មីស៊ីល Taurus ឲ្យអ៊ុយក្រែន
បរទេស ៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិនៃប្រទេសរុស្ស៊ី និងជាមនុស្សកំពូលទី២របស់ប្រទេសរុស្ស៊ី បន្ទាប់ពីលោក Vladimir Putin គឺលោក Dmitry Medvedev កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានអះអាងថា រុស្ស៊ី នឹងពិចារណាក្នុងការវាយប្រហារតាមអាកាសទៅលើទីតាំងរោងចក្រផលិតមីស៊ីលរបស់ប្រទេសអាល្លឺម៉ង់ប្រសិនបើរដ្ឋាភិបាលក្រុងប៊ែរឡាំងនឹងពិតជាសម្រេចចិត្តផ្គត់ផ្គង់មីស៊ីលចំងាយឆ្ងាយ Taurus របស់ខ្លួនឲ្យអ៊ុយក្រែនមែននោះ។
ការលើកឡើងបែបជាការព្រមានធ្ងន់ៗពីសំណាក់លោក Medvedev នេះ បានធ្វើឡើងនៅក្រោយពេលដែលប្រធានគណកម្មការនៃកិច្ចការងារការពារជាតិរបស់ប្រទេសអាល្លឺម៉ង់ លោកស្រី Marie Agnes Strack Zimmermann បានអំពាវនាវឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការផ្គត់ផ្គង់មីស៊ីលបាញ់ក្នុងចំងាយឆ្ងាយ Taurus ទៅឲ្យប្រទេសអ៊ុយក្រែន។
លោកស្រីមន្ត្រីជាន់ខ្ពស់របស់ក្រសួងការពារជាតិអាល្លឺម៉ង់រូបនេះបានពន្យល់ថាការផ្គត់ផ្គង់ Taurus គឺជារឿងចាំបាច់ពីព្រោះរដ្ឋាភិបាលទីក្រុងគៀវមានសិទ្ធិគ្រប់គ្រាន់ក្នុងការវាយប្រហារទៅលើទឹកដីរបស់ប្រទេសរុស្ស៊ីវិញដូចគ្នា។
ជាការឆ្លើយតប លោក Medvedev បានពោលបែបនេះថា ៖ ប្រសិនបើអាល្លឺម៉ង់និយាយថាការផ្គត់ផ្គង់នេះគឺជាសិទ្ធិដែលអាចធ្វើទៅបានក្នុងការអនុវត្តនោះមានន័យថារុស្ស៊ី ក៏នឹងមានសិទ្ធិគ្រប់គ្រាន់ស្របទៅតាមលក្ខខណ្ឌច្បាប់អន្តរជាតិក្នុងការវាយប្រហារទៅលើរោងចក្រដែលផលិតមីស៊ីល Taurus ដូចគ្នាដែរ។
ក្នុងថ្ងៃដដែលនេះ លោក Medvedev ក៏បានគំរាមចក្រភពអង់គ្លេសថា រុស្ស៊ីក៏នឹងចាំបាច់ត្រូវតែវាយប្រហារទៅលើក្រុមគ្រូបង្គោលរបស់យោធាអង់គ្លេស ទាំងឡាយដូចគ្នាបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអង់គ្លេសថ្មី លោក Grant Shapps បាននិយាយថា ប្រទេសរបស់លោកកំពុងពិចារណាក្នុងការពង្រីកកម្មវិធីហ្វឹកហ្វឺនរបស់ខ្លួនសម្រាប់ទាហានអ៊ុយក្រែន ក៏ដូចជាការផ្ទេរការបណ្តុះបណ្តាល និងផលិតឧបករណ៍យោធាទៅកាន់អ៊ុយក្រែនផងក្នុងពេលឆាប់ៗនេះ៕