Close

អារ៉ាប៊ីសាអូឌីត ឈានបានមួយជំហ៊ានដើម្បីអនុវត្តកម្មវិធីអាវុធនុយក្លេអ៊ែរ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អារ៉ាប៊ីសាអូឌីត ឈានបានមួយជំហ៊ានដើម្បីអនុវត្តកម្មវិធីអាវុធនុយក្លេអ៊ែរ អារ៉ាប៊ីសាអូឌីត ឈានបានមួយជំហ៊ានដើម្បីអនុវត្តកម្មវិធីអាវុធនុយក្លេអ៊ែរ

បរទេស ៖ ទីបំផុត ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសហើយកាលពីថ្ងៃម្សិលមិញថា រដ្ឋាភិបាលរបស់ខ្លួនបានឈោងចាប់យកបានជំហ៊ានដ៏សំខាន់មួយទៀតដើម្បីអាចទទួលបានសិទ្ធិក្នុងការអនុវត្តកម្មវិធីអាវុធនុយក្លេអ៊ែរដូចទៅនឹងមហាអំណាចផ្សេងទៀតក្នុងតំបន់ជាពិសេសគឺអ៊ីរ៉ង់។

នៅក្នុងអត្ថបទមួយចេញផ្សាយដោយកាសែត The Bloomberg កាលពីថ្ងៃម្សិលមិញនេះ អារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា ក្រុមអ្នកអង្កេតការណ៍អន្តរជាតិនឹងអាចធ្វើការត្រួតពិនិត្យដោយសេរីនៅតាមរោងចក្រនុយក្លេអ៊ែរនានារបស់ខ្លួនស្របទៅនឹងគោលការណ៍ច្បាប់អន្តរជាតិពោលគឺធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតអាចបំពេញតាមគ្រប់លក្ខខណ្ឌក្នុងការបញ្ជារទិញវត្ថុធាតុដើមសំខាន់ៗដើម្បីការអនុវត្តកម្មវិធីនេះ។

រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារថាមពលរបស់អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Abdulaziz Bin Salman Al Saud បាននិយាយកាលពីថ្ងៃច័ន្ទ នៅទីក្រុងVienna ថា មហាអំណាចឈូងសមុទ្រអារ៉ាប់កំពុងអនុវត្តនូវគោលការណ៍ណែនាំ និងត្រួតពិនិត្យទាំងឡាយ ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ឬ IAEA និងលុបចោលនូវច្បាប់ចាស់ៗមួយចំនួន ដែលធ្លាប់បានរារាំងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនកន្លងមក ។

សេចក្តីថ្លែងការណ៍របស់ព្រះអង្គម្ចាស់ Abdulaziz ដែលបានធ្វើឡើងនៅឯសន្និសីទប្រចាំឆ្នាំរបស់ IAEA ក៏បានបន្ថែមទៀតថា៖ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតបានប្តេជ្ញាចិត្តតាមរយៈគោលនយោបាយរបស់ខ្លួនស្តីពីថាមពលអាតូមិកទៅនឹងស្តង់ដារខ្ពស់បំផុតដើម្បីតម្លាភាព និងភាពជឿជាក់។

ជំហ៊ានដំបូងនេះមានន័យថា អារ៉ាប៊ីសាអូឌីតនឹងអាចទទួលបានការផ្គត់ផ្គង់សម្ភារៈចាំបាច់មួយចំនួន ហើយចាប់ផ្តើមដំណើរការម៉ាស៊ីនរ៉េអាក់ទ័រដំបូងរបស់ខ្លួន និងក្រុមស្រាវជ្រាវតូចមួយក្រោមជំនួយសាងសង់ពីប្រទេសអាហ្សង់ទីន។

រំលឹកដែរថា កាលពីសប្តាហ៍មុន ព្រះអង្គម្ចាស់ Mohammed bin Salman ដែលជារាជទាយាទរបស់ប្រទេសអារ៉ាប៊ីសាអូឌីតធ្លាប់បានលើកឡើងថាប្រសិនបើអ៊ីរ៉ង់នឹងផលិតបាននុយក្លេអ៊ែរមួយគ្រាប់នោះប្រទេសរបស់ទ្រង់គួរតែស្វែករកលទ្ធភាពដើម្បីទិញ ឬផលិតមួយគ្រាប់សម្រាប់ខ្លួនឯងដែរ។

ព្រះអង្គបានមានបន្ទូលឆ្លើយឆ្លងជាមួយនឹងក្រុមអ្នកកាសែតរបស់ The Fox News បែបនេះថា៖ ប្រសិនបើពួកគេទទួលបានមួយគ្រាប់ យើងគួរតែមានមួយគ្រាប់ខ្លួនឯងដែរ។ វាគឺជារឿងចាំបាច់សម្រេចសន្តិសុខ និងការរក្សាឲ្យមាននូវតុល្យភាពបំផុតសម្រាប់អំណាចនិងឥទ្ធិពលនៅក្នុងតំបន់មជ្ឈឹមបូព៍ា៕

អត្ថបទទាក់ទង