សិស្សានុសិស្សថ្នាក់វិទ្យាល័យនាំគ្នាបង្កើតគម្រោងបំប្លែងឧស្ម័ន CO2 ទៅជាអុកស៊ីសែន តាមរយៈឡដុតសំរាម
(ភ្នំពេញ)៖ សិស្សានុសិស្សមួយក្រុម ដែលកំពុងរៀននៅថ្នាក់វិទ្យាល័យបានរួមគ្នាបង្កើតជាគម្រោង ធ្វើម៉ាស៊ីនឡដុតសំរាមមួយ ដែលមានសមត្ថិភាពក្នុងការបំប្លែងកាបូនឌីអុកស៊ីត (CO2) ចេញពីសំរាមទៅជាអុកស៊ីសែន។
យុវតី អិន អេមពិសីសុជាតា ដែលជាអ្នកផ្ដួចផ្ដើមគំនិតម្នាក់ដែរបានឱ្យដឹងថា កត្តាដែលនាំឱ្យផែនដី ឡើងកម្ដៅនាពេលបច្ចុប្បន្ននេះ មានចំណែកសំខាន់មួយចេញពីសំរាមដែលគរចោល។ សំរាមដែលគរចោលទាំងនោះមិនត្រឹមតែមិនងាយរលាយតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងធ្វើឱ្យបរិយាកាសអាប់អួរផងដែរ។
ម្យ៉ាងទៀត ការយកសំរាមទាំងនោះទៅដុតក៏មិនមានផលល្អសម្រាប់បរិយាកាសដែរ ដោយវិធីនេះ នឹងធ្វើឱ្យឧស្ម័នកាបូនឌីអុកស៊ីតភាយចេញកាន់តែច្រើនទៅក្នុងបរិយាកាស ដែលជាមូលហេតុនាំឱ្យផែនដីឡើងកម្ដៅ។
ដោយឡែកសម្រាប់គម្រោងធ្វើឡដុតសំរាមនេះ យុវតី អិន អេមពិសីសុជាតា បានរៀបរាប់ថា៖ «ម៉ាស៊ីនរបស់យើងវាប្រៀបដូចជាឡដុតសំរាមអីចឹង គ្រាន់តែថាវាមានសមត្ថិភាពអាចបំបែកឧស្ម័ន កាបូនឌីអុកស៊ីតចេញ ហើយទុកឱ្យឧស្ម័នអុកស៊ីសែនដែលជាឧស្ម័នល្អភាយចូលបរិយាកាសជំនួស វិញ»។
កញ្ញាបានបន្តថា ឡនេះមានបំពាក់នូវបច្ចេកវិទ្យាដែលអាចបាញ់បំបែកអាតូមតូចៗបាន ហើយដែល នេះជាបច្ចេកវិទ្យាដំបូងគេនៅក្នុងស្រុក។
យ៉ាងណាមិញ ដើម្បីអាចបន្តគម្រោងនេះទៅមុខទៀតបាន ក្រុមសិស្សានុសិស្សតែងចូលរួមក្នុងកម្ម វិធីប្រកួតប្រជែងនានា ទាំងក្នុងស្រុក និងក្រៅស្រុក។ ប៉ុន្តែដោយសារតែបច្ចុប្បន្នពួកគេកំពុងតែសិក្សា ថ្នាក់ទី១២ ដែលជាឆ្នាំត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិផងនោះ គម្រោងនេះនឹងត្រូវផ្អាកជាបណ្ដោះ អាសន្នសិន ទម្រាំការប្រឡងបានបញ្ចប់សព្វគ្រប់។
កញ្ញា អិន អេមពិសីសុជាតា ក៏បានគូសបញ្ជាក់ដែថា៖ «គម្រោងយើងជាគម្រោងធំ ដែលត្រូវការដើម ទុន និងអ្នកចូលរួមច្រើន ហើយបើសិនជាវាជោគជ័យ យើងនឹងលក់ម៉ាស៊ីននេះទៅឱ្យរោងចក្រធំៗ ដែលជាអ្នកផលិតកាកសំណល់ឧស្សាហកម្មក្នុងចំនួនច្រើន»។
មិនត្រឹមតែអាចលក់ម៉ាស៊ីនដុតសំរាមនេះប៉ុណ្ណោះទេ ក្រុមកញ្ញាក៏អាចលក់សំណល់កាបូនដែលសល់ ពីការដុតសំរាមផងដែរ។ កញ្ញាបញ្ជាក់ថា សំណល់នេះអាចយកទៅបំប្លែងទៅជាស៊ីម៉ង់ត៍បានទៀត ដូច្នេះហើយកញ្ញាមានគម្រោងក្នុងការទាក់ទងទៅក្រុមហ៊ុនស៉ីម៉ង់ក្នុងស្រុកផងដែរ។
ជាចុងក្រោយ កញ្ញានៅតែបង្ហាញពីសុទិដ្ឋិនិយមថា ដោយសារតែអ្វីដែលខ្លួនកំពុងធ្វើនេះ ដើរតាម តម្រូវការរបស់សង្គមស្រាប់ មានន័យថាមិនមែនតែកម្ពុជានោះទេ ដែលកំពុងធ្វើការលើរឿងបរិស្ថាន នេះ ប្រទេសផ្សេងៗទៀតជាច្រើនលើពិភពលោកក៏កំពុងតែបង្វែរការចាប់អារម្មណ៍លើការរកដំណោះស្រាយផងដែរ៕