បញ្ហាពាណិជ្ជកម្មកសិកម្ម ៖ ប៉ូឡូញថាអ៊ុយក្រែនកំពុងសម្ដែងដូចខ្លួនជាមនុស្សលង់ទឹក
បរទេស ៖ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda កាលពីថ្ងៃម្សិលមិញបានលើកឡើងទាំងមិនសប្បាយចិត្តក្រោយទទួលបណ្តឹងពីរដ្ឋាភិបាលទីក្រុង Kiev ជុំវិញបញ្ហារឹតបន្តឹងការនាំចេញធញ្ញជាតិរបស់អ៊ុយក្រែនមកកាន់ប្រទេសប៉ូឡូញថា ប្រទេសអ៊ុយក្រែនកំពុងសម្ដែងធ្វើខ្លួនជាមនុស្សលង់ទឹកម្នាក់ ប៉ុន្តែបែរជាព្រមានក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងប្រទេសដែលជាអ្នកគាំទ្រដ៏សំខាន់មួយនៅក្នុងជម្លោះជាមួយនឹងប្រទេសរុស្ស៊ីទៅវិញ។
ស្ថានភាពតានតឹងរវាងប្រទេសប៉ូឡូញ និងអ៊ុយក្រែននេះក៏បានធ្វើឲ្យជំនួបនៃប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky និងប្រធានាធិបតីប៉ូឡូញ Andrzej Duda ដែលគ្រោងធ្វើឡើងនៅក្នុងទីក្រុង New York នោះក៏ត្រូវបានលុបចោលទៅហើយដែរ។
លោក Duda បានធ្វើការលើកឡើងនេះ ខណៈពេលដែលលោកកំពុងធ្វើការថ្លែងការណ៍ទៅកាន់ក្រុមអ្នកកាសែតនៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារដោយលោកប្រធានាធិបតីបានត្អូញត្អែរថា អ៊ុយក្រែន ដែលបច្ចុប្បន្នកំពុងប្រឡូកក្នុងការប្រយុទ្ធជាមួយក្រុងមូស្គូយ៉ាងខ្លាំងក្លានោះ នៅតែបន្តប្រកាន់ខ្ជាប់យ៉ាងខ្លាំងនូវអ្វីដែលខ្លួនត្រូវតែមាននិងទទួលបាន។
លោកប្រធានាធិបតីប៉ូឡូញបានបន្តពន្យល់ថា ៖ ការធ្វើខ្លួនដូចជាអ្នកលង់ទឹកម្នាក់គឺមានគ្រោះថ្នាក់រួចទៅហើយ ហើយក៏អាចធ្វើឲ្យលង់ដល់ទាំងអ្នកជួយសង្គ្រោះផងដែរ។ វាមានស្ថានភាពដូចគ្នារវាងប៉ូឡូញ និងអ៊ុយក្រែនពេលនេះ ដូច្នេះទីក្រុង Warsaw ត្រូវតែចាត់វិធានការដើម្បីការពារផលប្រយោជន៍របស់ខ្លួន ហើយមិនត្រូវអនុញ្ញាតឲ្យអ៊ុយក្រែនអូសទាញខ្លួនឲ្យធ្លាក់ចូលក្នុងបញ្ហាដូចគ្នានោះជាដាច់ខាត។
ជម្លោះនៃការនាំចូលគ្រាប់ធញ្ញជាតិរវាង Kiev និង Warsaw បានចាប់ផ្តើមនៅពេលដែលប៉ូឡូញ រួមជាមួយហុងគ្រី និងស្លូវ៉ាគីបានបដិសេធមិនធ្វើតាមការណែនាំរបស់ EU និងដកទណ្ឌកម្មលើការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដោយលើកឡើងពីតម្រូវការដើម្បីការពារអ្នកផលិតកសិកម្មក្នុងស្រុករបស់ពួកគេចំពេលតម្លៃទីផ្សារធ្លាក់ចុះ។
គួរឲ្យដឹងដែរថា លោកDuda និង Zelensky នឹងត្រូវធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាអង្គការសហប្រជាជាតិដូចគ្នា ហើយជួបជុំគ្នាពិភាក្សាទ្វេភាគីទៅបញ្ហាមួយចំនួនដូចជាការនាំចូលកសិកម្ម ក៏ដូចជាប្រតិបត្តិការវាយបករបស់ទីក្រុង Kiev ប្រឆាំងនឹងរុស្ស៊ី ដែលបានតស៊ូយ៉ាងខ្លាំងក្លាអស់រយៈពេលជាងបីខែមកហើយនោះ៕