ល្អហួស! MARCUS HABER បង្កើតកំណត់ត្រាស៊ុតបញ្ជូលទីគ្រប់ការប្រកួតនៅ CPL
(បាល់ទាត់)៖ ខ្សែប្រយុទ្ធអន្តរជាតិសញ្ជាតិកាណាដា កីឡាករ MARCUS WARREN HABER ក្លាយជាកីឡាករសុតបញ្ចូលទីច្រើនជាងគេ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ គិតត្រឹមសប្ដាហ៍ទី៥ ដោយសុតបាន៧គ្រាប់ តាមពីក្រោយដោយកីឡាករសញ្ជាតិប្រេស៊ីល DE OLIVEIRA BASTOS JONATA របស់វិសាខាមាន៥គ្រាប់។
កាលពីយប់មិញនេះ MARCUS HABER បានស៊ុតបញ្ជូលទី១គ្រាប់ នៅនាទី៧១ ក្នុងជួបដែល ក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះ ក្រុមអង្គរថាយហ្គឺរ ក្នុងលទ្ធផល ៥-២ ក្នុងការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ សប្ដាហ៍ទី៥។
ដោយ៧គ្រាប់របស់ MARCUS WARREN HABER រកបាននៃការប្រកួតជាមួយកងយោធពលខេមរភូមិន្ទ ២គ្រាប់ , ភ្នំពេញក្រោន ២គ្រាប់, ណាហ្គាវើលដ៍ ១គ្រាប់, អាយអេសអាយដង្កោសែនជ័យ ១គ្រាប់ និងជាមួយអង្គរថាយហ្គឺរ ១គ្រាប់ បានក្លាយជាកីឡាករតែម្នាក់គត់ ដែលសុតបញ្ចូលទីគ្រប់ការប្រកួតនៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ សម្រាប់៥សប្ដាហ៍ កន្លងមកនេះ។
សូមបញ្ជាក់ថា ប្រកួតក្រោយ ក្រុមព្រះខ័នរាជស្វាយរៀង របស់ MARCUS WARREN HABER នឹងធ្វើដំណើរទៅសួរសុខទុក្ខក្រុមសេះមាសវិសាខា នាកីឡដ្ឋានព្រីន វេលាម៉ោង ៦៖០០នាទីល្ងាច៕