ប៉ូឡូញ បណ្ដេញលោក Fernando Santos ចេញពីដំណែងគ្រូបង្វឹក
(បាល់ទាត់)៖ សមាគមកីឡាបាល់ទាត់ប៉ូឡូញ (PZPN) បាននិយាយកាលពីថ្ងៃពុធ ទី១៣ ខែកញ្ញាថា ប្រទេសប៉ូឡូញ បានចែកផ្លូវជាមួយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ លោក Fernando Santos បន្ទាប់ពីបរាជ័យក្នុងលទ្ធផល ២-០ នៅក្នុងប្រទេសអាល់បានី ដែល ធ្វើឱ្យពួកគេជួបការលំបាកក្នុងការប្រកួតជម្រុះ Euro 2024 ។
លោក Fernando Santos ដែលបានឈ្នះពាន Euro 2016 ជាមួយព័រទុយហ្គាល់ បានចូលកាន់តំណែងកាលពីខែមករា ដោយជំនួសដំណែង លោក Czeslaw Michniewicz ដែលត្រូវបានបណ្តេញចេញ បន្ទាប់ពីប៉ូឡូញ ធ្លាក់ចេញពី World Cup 2022 ជាកន្លែងដែលពួកគេបានចាញ់បារាំង ក្នុងវគ្គ ១៦ក្រុមចុងក្រោយ។
ប៉ូឡូញ ស្ថិតនៅលេខ៤ ក្នុងការប្រកួតជម្រុះ Euro 2024 ពូល E ដោយមានត្រឹមតែ ៦ពិន្ទុប៉ុណ្ណោះ ពីការប្រកួតចំនួន ៥លើក។ ពួកគេមាន ៤ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងអាល់បានី និង ២ពិន្ទុ តាមពីក្រោយក្រុមលេខ២ សាធារណៈរដ្ឋឆេក និងម៉ុលដាវី។
បន្ទាប់ពីបរាជ័យ ក្នុងទីក្រុង Tirana កាលពីថ្ងៃអាទិត្យ លោក Santos បាននិយាយថា លោកមិនពិចារណាលាលែងពីតំណែងនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធាន PZPN លោក Cezary Kulesza បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ពេលនេះ ការជ្រើសរើសអ្នកចាត់ការថ្មី គឺជាអាទិភាពមួយ សម្រាប់ក្រុមប្រឹក្សាភិបាលនៃសមាគមបាល់ទាត់ប៉ូឡូញ (PZPN) ដូច្នេះយើងនឹងប្រកាសក្នុងពេលឆាប់ៗនេះ»។
ក្រុមជម្រើសជាតិប៉ូឡូញ នឹងធ្វើដំណើរទៅកាន់កោះហ្វារ៉ូ ក្នុងខែតុលា ដើម្បីធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិម៉ុលដាវ៉ា។
គួររម្លឹកថា អតីតអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ ត្រូវបានបណ្តេញចេញពីតំណែង ក្រោយការប្រកួត World Cup ២០២២ ដោយសារអ្នកគាំទ្រ និងមន្រ្តីសហព័ន្ធមិនពេញចិត្តនឹងការដាក់ Cristiano Ronaldo នៅកៅអីបម្រុង៕