Arsenal យកឈ្នះ Manchester United ៣-១ នៅចំពោះមុខអ្នកគាំទ្រជាង ៦ម៉ឺននាក់
(បាល់ទាត់)៖ កាលពីយប់មិញនេះ ក្រុមកាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta បានយកឈ្នះ ក្រុមបិសាចក្រហម Manchester united របស់ លោក Erik Ten Hag ក្នុងលទ្ធផល ៣ ទល់នឹង ១ នៅចំពោះមុខអ្នកគាំទ្រជាង ៦ម៉ឺននាក់ នៅកីឡដ្ឋាន Emirates stadium។
ការប្រកួត Premier League សប្តាហ៍ទី៤ នេះ ក្រុមកាំភ្លើងធំ បានបើកទ្វារកីឡដ្ឋាន Emirates stadium ទទួលស្វាគមន៍ក្រុមបិសាចក្រហម។ ការប្រកួតនៅតង់ទីមួយ ក្រុមទាំងពីរបានបើកការសម្រុកគ្នាយ៉ាងខ្លាំង ហើយនៅនាទីទី២៧ ខ្សែប្រយុទ្ធវ័យក្មេងរបស់ Man United កីឡាករ Marcus Rashford បានអូសបាល់ពីពាក់កណ្ដាលតារាង ហើយស៊ុតបញ្ចូលទីយ៉ាងស្អាតផុតដៃអ្នកចាំទី Ramsdale ធ្វើឲ្យក្រុមភ្ញៀវនាំមុខម្ចាស់ផ្ទះមុន។
ទោះបីជាយ៉ាងណាក៏ដោយ ភាពរីករាយរបស់បិសាចក្រហម បានត្រឹមតែមួយនាទីប៉ុណ្ណោះ ពោលគឺនៅនាទីទី ២៨ ប្រធានក្រុមវ័យក្មេង Martin Odegaard បានស៊ុតគ្រាប់បាល់តាមស្មើឲ្យ Arsenal វីញ បន្ទាប់ពីមាបនការបញ្ជូនបាល់យ៉ាងល្អពី Gabriel Martinelli។ ដូច្នេះ បញ្ចប់តង់ទី១ Arsenal 1-1 Manchester United។
លុះចូលដល់តង់ទីពីរ Arsenal ស្ទើតែបានបាល់ប៉េណាល់ទី ទៅហើយនៅដើមតង់ទី២ នាទី៦០ នៅពេលដែល Kai Havertz ដួលនៅតំបន់គ្រោះថ្នាក់ ទោះបីជាយ៉ាងណា អាជ្ញាកណ្តាលមុខមាំ លោក Anthony Taylor បានទៅពិនិត្យ VAR ហើយសម្រេចមិនផ្តល់បាល់ពិន័យឲ្យឡើយ។
លុះចុងម៉ោងទៅហើយ ពោលគឺនៅនាទី ៨៩ កីឡាករវ័យក្មេង Alejandro Garnacho បានស៊ុតគ្រាប់បាល់មួយគ្រាប់ឲ្យបិសាចក្រហម ប៉ុន្តែបន្ទាប់ពីពិនិត្យ VAR ឃើញថាបាល់នោះស្ថិតក្នុងជំហរក្រៅល្បែង(Offside)។ ការប្រកួតឈានចូលដល់ម៉ោងបន្ថែមបង្រ្គប់ កីឡាករចំណូលថ្មី Declan Rice រកបានគ្រាប់ជ័យជំនះឲ្យ Arsenal បន្ទាប់ពីការលើកបាល់ជ្រុងរបស់ Bukayo Saka នាទី ៩០+៦ ហើយការប្រកួតជិតនឹងបញ្ចប់ទីហើយ ពោលគឺនៅនាទី ៩០+១១ Gabriel Jesus ស៊ុតគ្រាប់បាល់មួយគ្រាប់ទៀត ធានា ៣ពិន្ទុឲ្យម្ចាស់ផ្ទះ។ ដូច្នេះ បញ្ចប់ការប្រកួត ម្ចាស់ផ្ទះ Arsenal ៣-១ ក្រុមភ្ញៀវ Manchester United។
ឆ្លងកាត់លទ្ធផលនេះ ក្រុមកាំភ្លើងធំ Arsenal ឡើងមកឈរលេខ៥ ក្នុងតារាង Premier League មាន ១០ពិន្ទុ ខណៈ Manchester United ឈរនៅលេខរៀងទី១១ មាន ៦ពិន្ទុ៕