ក្រុមហ៊ុនមួយកែច្នៃផលិតផលបរិស្ថាន បង្កើតការងារដល់ប្រជាសហគមន៍
ជំនួសឱ្យអាជីវកម្មដែលផ្ដោតលើការផលិតនូវផលិតផលថ្មីៗ អាជីវកម្មមួយផ្ដោតលើការយកកាកសំណល់ទៅកែច្នៃ ដើម្បីប្រើប្រាស់ឡើងវិញ។ អាជីវកម្មនេះ មិនត្រឹមតែជួយបរិស្ថានតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយផ្ដល់ការងារដល់ប្រជាសហគមន៍ផងដែរ។
ក្រុមហ៊ុន Village Work ជាក្រុមហ៊ុនជួយសង្គម ដែលបង្កើតឡើងនៅឆ្នាំ ២០០១ ហើយបានចុះបញ្ជីជាក្រុមហ៊ុននាំចេញនៅឆ្នាំ ២០១៨ ។ បច្ចុប្បន្ន ក្រុមហ៊ុននេះ មានទីតាំងផលិត និងលក់នៅរាជធានី ភ្នំពេញ។
អ្នកស្រី ណោម ប៊ុនណាក់ នាយិកាក្រុមហ៊ុន Village Work បានឱ្យដឹងថា មកដល់បច្ចុប្បន្ន ក្រុមហ៊ុនអ្នកស្រី មានផលិតផលចំនួន ៤ផ្សេងគ្នា។ ផលិតផលទី១ គឺជាប្រភេទផលិតផលដែលកែច្នៃពីកាកសំណល់ដែលបានប្រើប្រាស់រួច ហើយយកមកប្រើឡើងវិញ ដូចជា បាវចំណីត្រី និងបាវស៊ីម៉ង់ជាដើម។
អ្នកស្រីបន្តរៀបរាប់ទៀតថា៖ «ផលិតទី២ គឺយើងកែច្នៃចេញពីធម្មជាតិដូចជា ចចូត ឬស្សី និងដើមចេក ទី៣គឺយើងប្រើប្រាស់សូត្រ ដែលធ្វើដោយដៃ និងទី៤ គឺប្រើប្រាស់វត្ថុធាតុដើមកែច្នៃពីស្តុកចាស់ៗ ធ្វើជាកាបូប និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ»។
រីឯបុគ្គលិកដែលធ្វើការនៅក្រុមហ៊ុនអ្នកស្រីវិញ មាន ៧៥%ជាជនមានពិការភាព ដែលមិនមានការងារធ្វើ និង ២៥%ទៀតជាអ្នកមានកាយសម្បទារល្អ ប៉ុន្តែភាគច្រើននៃពួកគេជាស្ត្រីមេផ្ទះ ដែលមិនមានចំណូល។
អ្នកស្រីបន្តឱ្យដឹងពីចក្ខុវិស័យនៃក្រុមហ៊ុនរបស់អ្នកស្រីផងដែរថា៖ «ខ្ញុំចង់ពង្រីកអាជីវកម្មរបស់ខ្ញុំ រហូតអាចជួយស្ត្រីបានយ៉ាងហោចណាស់៧០០នាក់ នៅថ្ងៃខាងមុខ ជាពិសេសខ្ញុំចង់បង្រៀនពួក គាត់ឱ្យចេះជំនាញមួយច្បាស់លាស់ ដើម្បីប្រកបរបរចិញ្ចឹមជីវិត»។
បើទោះបីជាឆ្លងកាត់នូវដំណាក់កាលជំងឺកូវីដ ដែលសេដ្ឋកិច្ចទូទៅមានការធ្លាក់ចុះយ៉ាងណាក្ដី អ្នកស្រីអាចរក្សាបាននូវបុគ្គលិកគ្រប់រូបរហូតមកដល់បច្ចុប្បន្ន។ ម្យ៉ាងដោយសារ ផលិតផលដែល ចេញពីក្រុមហ៊ុនអ្នកស្រីទៅ ជាផលិតផលដែលមានគុណភាពល្អផង អ្នកស្រីអាចទាក់ទាញភ្ញៀវ ឱ្យស្រឡាញ់ គាំទ្រមិនដាច់។
បូកផ្សំជាមួយនឹងចក្ខុវិស័យមុតមាំរបស់អ្នកស្រីផង ភ្ញៀវទាំងក្នុងនិងក្រៅស្រុក តែងផ្ដល់ការគាំទ្រ ដើម្បីជួយជ្រោមជ្រែងជីវភាពបុគ្គលិកជាច្រើននាក់ដែលជ្រកក្រោមដំបូលរបស់ក្រុមហ៊ុន។ ដោយឡែក បច្ចុប្បន្នអ្នកស្រីក៏កំពុងពង្រឹងទីផ្សារ និងការផ្សព្វផ្សាយឱ្យទូលំទូលាយជាមុនផងដែរ ដើម្បីឈានទៅនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបន្ថែមទៀត៕