Close

ផលិតផលខ្មែរក្នុងស្រុក នឹងមានវត្តមានដាក់លក់នៅតាមបណ្តាស្ថានីយ៍ប្រេងក្រុមហ៊ុន កម្ពុជា-តេលា នាពេលខាងមុខ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ សង្គម
ផលិតផលខ្មែរក្នុងស្រុក នឹងមានវត្តមានដាក់លក់នៅតាមបណ្តាស្ថានីយ៍ប្រេងក្រុមហ៊ុន កម្ពុជា-តេលា នាពេលខាងមុខ ផលិតផលខ្មែរក្នុងស្រុក នឹងមានវត្តមានដាក់លក់នៅតាមបណ្តាស្ថានីយ៍ប្រេងក្រុមហ៊ុន កម្ពុជា-តេលា នាពេលខាងមុខ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន កម្ពុជា-តេលា គ្រោងចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគាំទ្រផលិតផលខ្មែរនៅតាមបណ្តាទីតាំងដែលគ្រប់គ្រងដោយក្រុមហ៊ុន កម្ពុជា តេលា ស្របពេលរាជរដ្ឋាភិបាល បាន និងកំពុងជំរុញការលើកកម្ពស់ផលិតផលក្នុងស្រុក និងការចងក្រងផលិតផលសក្តានុពលនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីទទួលបានទីផ្សារកាន់តែប្រសើរ។

គម្រោងចុះអនុស្សរណៈនៃការយោគយល់គ្នាខាងលើនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ក្នុងកិច្ចជំនួបពិភាក្សាការងាររវាង ឯកឧត្តម កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកជំរុញពាណិជ្ជកម្ម និងតំណាងក្រុមហ៊ុន កម្ពុជា តេលា ដឹកនាំដោយ លោក Suchart Rukngurn នាយកនៃនាយកដ្ឋានគ្រប់គ្រងសាខានៃក្រុមហ៊ុន កម្ពុជា តេលា។

ឯកឧត្តមប្រតិភូ បានឱ្យដឹងថា កន្លងមក អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មបានរៀបចំសិក្ខាសាលាជាច្រើន ដូចជា ការលើកកម្ពស់ផលិតផលខ្មែរ ការចងក្រងផលិតផលសក្តានុពលកម្ពុជានៅតាមបណ្តារាជធានី-ខេត្ត និងការពង្រឹងសមត្ថភាពអ្នកផលិតជាដើម ហើយឯកឧត្តមមានបំណងអញ្ជើញតំណាងក្រុមហ៊ុន កម្ពុជា តេលា ចូលរួមធ្វើជាវាគ្មិនក្នុងសិក្ខាសាលានេះផងដែរ។ បន្ថែមលើនេះ អគ្គនាយកដ្ឋានក៏កំពុងរៀបចំវីដេអូផ្សព្វផ្សាយខ្លី ទាក់ទងនឹងការជំរុញផលិតផលសក្តានុពលកម្ពុជាចំនួន៥មុខ ទៅកាន់ទីផ្សារអន្តរជាតិដែលរួមមាន ៖ ស្រូវ-អង្ករ ដំឡូងមី ចេកអំបូងលឿង ម្រេច និងមៀនប៉ៃលិន។

នៅក្នុងឱកាសនោះដែរ លោក Suchart Rukngurn បានថ្លែងថា ក្រុមហ៊ុន កម្ពុជា តេលា មានគោលបំណងសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីចូលរួមចំណែកក្នុងការជួយលើកកម្ពស់ និងជួយផ្សព្វផ្សាយផលិតផលខ្មែរតាមរយៈការរៀបចំនូវស្តង់សម្រាប់ដាក់លក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយតេលាមួយចំនួន នៅរាជធានី-ខេត្តគោលដៅមួយចំនួន។

ទន្ទឹមនេះ ឯកឧត្តមប្រតិភូ ស្នើក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ និងក្រុមការងារក្រុមហ៊ុន កម្ពុជា តេលា សហការគ្នាក្នុងការរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នារវាងភាគីទាំងពីរ ដើម្បីរៀបចំពិធីចុះហត្ថលេខា និងឈានដល់ពីធីកាត់ខ្សែបូសម្ពោធការតាំងលក់ផលិតផលខ្មែរនៅតាមស្ថានីយតេលា ក្រោមអធិបតីភាពថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន កម្ពុជា តេលា នាពេលឆាប់ៗខាងមុខនេះ៕




អត្ថបទទាក់ទង