ម្ចាស់កសិដ្ឋានកូនចៀមធម្មជាតិលើកទឹកចិត្តឱ្យពលរដ្ឋសាកល្បងចិញ្ចឹមចៀមលក់ ព្រោះកំពុងមានទីផ្សារ
កំពង់ឆ្នាំ៖ ម្ចាស់កសិដ្ឋានកូនចៀមធម្មជាតិ (Organic Sheep Farm)ស្ថិតនៅភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លោក ប៊ុន ចាន់វីរៈ បានលើកទឹកចិត្តឱ្យពលរដ្ឋដែលជាកសិករ សាកល្បងងាកមកចិញ្ចឹមចៀមលក់វិញម្តង ព្រោះមានភាពងាយស្រួលជាង ការចិញ្ចឹមសត្វគោ ខណៈទីផ្សារកំពុងមានតម្រូវការ ។
ជាអ្នកស្រឡាញ់វិស័យកសិកម្មផ្នែកចិញ្ចឹមសត្វលក់ លោក ប៊ុន ចាន់វីរៈ បានចាប់ផ្តើមចិញ្ចឹមសត្វចៀម កាលពីអំឡុងឆ្នាំ ២០១៦ ដោយចាប់ផ្តើមត្រឹមតែ ១១ ក្បាល ក្នុងនោះ ឈ្មោលមួយក្បាល ប៉ុន្តែរហូតមកទល់បច្ចុប្បន្ននេះ លោក មានសត្វចៀមរហូតទៅដល់ជាង ១០០០ ក្បាលនៅក្នុងកសិកដ្ឋាន និងអាចផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេសបានដោយងាយស្រួល ។
ត្រង់ចំណុចនេះ លោក ប៊ុន ចាន់វីរៈ បានលើកចិត្ត ដល់ពលរដ្ឋដែលជាកសិករ សាកល្បងងាកមក ចិញ្ចឹមសត្វចៀមដូចរូបលោក ព្រោះមានភាពងាយស្រួលជាងការចិញ្ចឹមសត្វគោ ព្រោះសត្វចៀមរស់នៅជាក្រុម និងស្លូត។ រីឯទិន្នផលវិញក៏បានច្រើនជាងការចិញ្ចឹមគោ ផងដែរ ដោយក្នុងមួយឆ្នាំមេចៀមអាចបង្កើតកូនបានពីរដង ជូនកាលកូនភ្លោះពីរ ឬបីក្បាល ក្នុងមេមួយក្បាល ។
មិនត្រឹមតែប៉ុណ្ណោះ វាចំណេញទាំងពេលវេលានច្រើនផងដែរ ព្រោះមេចៀមកើតបានរយៈពេល ៨ ខែ វាអាចបន្តពូជបាន ប៉ុន្តែ បើចិញ្ចឹមសត្វគោវិញត្រូវប្រើពេលវេលាពី ១ ទៅ ២ ឆ្នាំ ទើបអាចបន្តពូជបាន ។
លោកថ្លែងថា៖ « ប្រជាពលរដ្ឋ ដែលចង់ចិញ្ចឹមចៀម ត្រូវ កុំខ្លាច និងសាកល្បងដែលថ្មី ក៏ប៉ុន្តែ កុំធ្វើធំពេក ចាប់ផ្តើមពីតូច បើមានបញ្ហាក៏មិនមានហានីភ័យច្រើនទេ ។ មួយវិញទៀត យើងកុំចេះតែមួយមុខ ចេះចិញ្ចឹមតែមិនចេះធ្វើទីផ្សារក៏មិនកើតដែរ ក្នុងនាមកសិករត្រូវចេះធ្វើទីផ្សារ ហើយបើពឹងផ្អែកទៅលើឈ្មួញ គាត់អត់ឱ្យតម្លៃថ្លៃទេ»។
មួយវិញទៀត ប្រទេសកម្ពុជា ក៏ជាប្រទេស ដែលមានអំណោយផលពីធម្មជាតិ រួមទាំងអាកាសធាតុក៏ល្អដែលអាចចិញ្ចឹមសត្វចៀមនេះ បានដោយងាយស្រួល មិនដូចប្រទេសមួយចំនួននោះទេ ។ សម្រាប់ លោក ប៊ុន ចាន់វីរៈ បានចិញ្ចឹមសត្វចៀមឈ្មោលយកលក់ រីឯសត្វចៀមញី ចិញ្ចឹមទុកលក់ (ពូជ)។
លោកថ្លែងថា ៖ «ការចិញ្ចឹមមិនចាំបាញ់រើសទីតាំងទេ ព្រោះប្រទេសយើង គឺជាប្រទេសអំណោយផលដល់ការចិញ្ចឹម។ នៅប្រទេសគេ… គេធ្វើរោង ដើម្បីការពារ នៅរដូវធ្លាក់ទឹកកក ហើយ គេត្រូវធ្វើផ្អក់ស្មៅ ដើម្បីទុកឱ្យាវាសីនៅរដូវធ្លាក់ទឹកកក ។អីចឹងទេ គេត្រូវមានកន្លែងស្តុក ដ៏ធំ ហើសម្រាប់ប្រទេស យើងវិញ មានស្មៅបៃតងពេញ មួយឆ្នាំ នៅខាងក្រៅ មិនចាំបាច់យកមកចូលទ្រុងទេ»។
សត្វចៀមឈ្មោលក្នុងមួយក្បាល់សម្រាប់យកទៅធ្វើសាច់ លោក ប៊ុន ចាន់វិរៈ លក់ក្នុងតម្លៃជាង ២០០ ដុល្លារអាមេរិក
។រីឯចៀមញីមួយក្បាល (មេពូជ) លក់ក្នុងតម្លៃ ៣០០ ដុល្លារអាមេរិក ដែលលោកអាចទទួលបានផលចំណេញមួយក្បាល ពី ៥០ ទៅ ១០០ដុល្លារអាមេរិក ។
ជាមួយគ្នានេះ លោក ប៊ុន ចាន់វីរៈ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបំណងចិញ្ចឹមសត្វចៀមលក់ អាចទាក់ទងមកលោក ដើម្បីរៀនពីបច្ចេកទេស នៃការចិញ្ចឹមមានដូចជា បង្កាត់ពូជ បង្កើតកូន និងដាំស្មៅ លោកមិនយកកម្រៃនោះទេ ប៉ុន្តែ ទាមទារឱ្យ ទិញមេពូជពីលោក។ មួយវិញទៀត ពេលចាប់ផ្តើមចិញ្ចឹម កសិករទាំងនោះត្រូវ ចុះឈ្មោះនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្មខេត្ត និងការិយាល័យកសិកម្មស្រុក ដើម្បីទទួលបានការបណ្តុះបណ្តាលពីបច្ចេកទេសចិញ្ចឹមបន្ថែម និងវ៉ាក់សំាងការពារជំងឺដោយមិនគិតថ្លៃ ៕