CPL បង្ហាញមុខលោក អ៊ុង កងយ៉ានិត ជាគ្រូបង្វឹកក្លិប ISI ដង្កោសែនជ័យ
យោងតាមការបង្ហោះរបស់ Cambodian Premier League នៅថ្ងៃ អង្គារ ម្សិលមិញនេះ ជុំវិញសញ្ជាតិ និងអាជ្ញាប័ណ្ណគ្រូបង្វឹក របស់ក្លិបបាល់ទាត់ទាំង១០ ក្នុងក្របខណ្ឌខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣-២៤ គេសង្កេតឃើញថា អតីតគ្រូបង្វឹកសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លោក អ៊ុង កងយ៉ានិត ក្លាយជាគ្រូធំនៅក្លិប ISI ដង្កោសែនជ័យ។
មែនទែនទៅ មុនក្លាយជាគ្រូបង្គោល ISI ដង្កោសែនជ័យ លោកគ្រូ អ៊ុង កនយ៉ានិត បានប្រកាសចាកចេញពីសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃពុធ ទី៥ ខែកក្កដា។
គួររំលឹកថា កាលពីចុងឆ្នាំ២០០៩ លោកគ្រូ អ៊ុង កនយ៉ានិត បានចូលរួមការងារជាមួយសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ។ រយ:ពេល ១៣ឆ្នាំកន្លងមកនេះ លោក បានខិតខំ ប្រឹងប្រែងជួយក្លិបបាល់ទាត់នគរបាលជាតិ ឈ្នះពាន រង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬ Hun Sen Cup កាលពីឆ្នាំ ២០១៤ ម្ដងផងដែរ។
គួរបញ្ជាក់ថា លោក អ៊ុង កនយ៉ានិត ជាអតីតកីឡាកររបស់ក្លិបបាល់ទាត់ខេមរាកីឡា ។ គ្រូបង្គោលរូបនេះ ធ្លាប់ចូលកាន់តំណែងជាគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា ផងដែរចាប់ពីឆ្នាំ ២០១៤ ដោយចាប់ផ្ដើមជាមួយនឹងគ្រូបង្វឹក Lee Tae-hoon និងធ្លាប់ជាអតីតគ្រូបង្គោលរបស់ក្លិបបាល់ទាត់នគរបាលជាតិ ក្នុងពេលដំណើរគ្នាផងដែរ ៕