ចិនបញ្ចេញវិដេអូឯកសារផែនការវាយយកកោះតៃវ៉ាន់ដោយក្នុងនោះក្រុមពីឡុតចិនប្តេជ្ញាបូជាជិវិតដើម្បីសម្រេចការងារ
បរទេស ៖ ម្សិលមិញនេះទូរទស្សន៍ចិន CCTV បានធ្វើការចុះផ្សាយអំពីឯកសារជាវិដេអូដ៏កំពូលមួយនៃវិស័យការពារជាតិប្រទេសចិនដែលមានទៅដល់៨ភាគផ្តោតសំខាន់ទៅលើផែនការវាយប្រហារទៅលើកោះតៃវ៉ាន់ ហើយក្នុងនោះក៏មានទាំងការប្តេជ្ញាចិត្តរបស់កងទ័ពចិនដើម្បីពលីជីវិតក្នុងករណីចាំបាច់ធ្វើយ៉ាងណាសម្រេចបេសកកម្មនេះឲ្យបានថែមទៀតផង។
ចេញក្បាលវិដេអូដំបូងជាមួយនឹងពាក្យថា Chasing Dreams គឺជាការលាតត្រដាងគួរឲ្យភ្ញាក់ផ្អើលបំផុតដោយប្រទេសចិននៅចំថ្ងៃនៃខួបអនុស្សាវរីយ៍នៃការចាប់កំណើតនៃកងទ័ពរំដោះប្រជាជនចិនហៅកាត់ថា PLA ដោយនៅពីក្នុងវិដេអូមានបង្ហាញឲ្យឃើញអំពីសកម្មភាពសមយុទ្ធយោធាចិន ជាពិសេសជុំវិញកោះតៃវ៉ាន់និងបូករួមទាំងសក្ខីកម្មដ៏ក្លៀវក្លានៃក្រុមកងកម្លាំងយោធាចិនជាច្រើនផងដោយក្នុងនោះយោធាខ្លះបានប្តេជ្ញាចិត្តក្នុងការពលីជីវិតដើម្បីសម្រេចឲ្យបាននូវបេសកកម្មកាន់កាប់យកកោះតៃវ៉ាន់ឲ្យបាន។
ពីឡុតម្នាក់នៅក្នុងវិដេអូដែលត្រូវបានគេស្កាល់ឈ្មោះថា Li Peng បានពោលបែបនេះថា៖នៅក្នុងសមរភូមិពិតយន្តហោះចម្បាំងរបស់គាត់នឹងក្លាយទៅជាមីស៊ីលចុងក្រោយប្រសិនបើអាវុធទាំងអស់នៅលើយន្តហោះបានប្រើប្រាស់អស់នោះ។
លោក Li Peng ក៏ត្រូវបានគេស្គាល់ថាជាក្រុមពីឡុតដែលបម្រើក្នុងកងវរសេនាតូច Wang Haiដែលស្ថិតនៅក្រោមបញ្ជាដោយផ្ទាល់នៃកងកម្លាំងយោធាស្ថិតនៅតំបន់ភាគខាងកើតប្រទេសគឺជាកងកម្លាំងដែលទទួលខុសត្រូវធំជាងគេក្នុងប្រតិបត្តិការយោធាតាមច្រកសមុទ្រនៃកោះតៃវ៉ាន់។
គួរឲ្យដឹងដែរថា ការព្រមានជាច្រើនលើកច្រើនសានេះធ្វើឡើងចំពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងកំពុងបន្តដាក់សម្ពាធកាន់តែខ្លាំងលើកោះតៃវ៉ាន់ដែលដាច់ខាតនៅតែប្រកាន់ខ្លួនថាជារដ្ឋប្រជាធិបតេយ្យ។ កោះតៃវ៉ាន់បានបំបែកចេញពីប្រទេសចិនតាំងតែពីក្នុងឆ្នាំ១៩៤៩បន្ទាប់ពីសង្គ្រាមស៊ីវិលនៅចិនបានបញ្ចប់ ហើយសកម្មភាពដាក់សំពាធដោយចិនទាំងនោះមានរួមទាំងការធ្វើសមយុទ្ធបែបធ្វើសង្រ្គាមជាញឹកញាប់ផងដែរ៕