ការបង្កើតតំបន់ការពារធម្មជាតិ ជាការបង្កើតជម្រើសមុខរបរថ្មីដល់ប្រជាសហគមន៍ និងបញ្ជាក់ពីសក្កានុពលតំបន់
ការដាក់តំបន់មួយទៅជាតំបន់ការពារធម្មជាតិ មានន័យថាតំបន់នោះនឹងស្ថិតនៅក្រោមការមើលថែ អភិរក្សធនធានចម្រុះដែលមាននៅក្នុងតំបន់នោះឱ្យមានភាពគង់វង្ស។ មួយជ្រុងទៀត ការបង្កើតតំបន់ការពារធម្មជាតិក៏ស្មើទៅនឹងការបង្កើតឆ្នាំងបាយថ្មីដល់ប្រជាពលរដ្ឋ ដើម្បីកែប្រែជីវភាពពួកគេឱ្យកាន់តែប្រសើរ។
ជម្រើសមុខរបរដែលប្រជាសហគមន៍អាចទទួលបានពីការបង្កើតតំបន់ការពារធម្មជាតិរួមមាន៖ វិស័យទេសចរណ៍ ការធ្វើកសិកម្ម ការចិញ្ចឹមសត្វ ការពឹងអាស្រ័យលើអនុផលព្រៃឈើដូចជាផ្សិត វ័ល្លិ៍ និងទឹកឃ្មុំជាដើម។
ដោយឡែក កាលពីថ្ងៃទី៤ ខែសីហាកន្លងទៅថ្មីៗនេះ ក្រសួងបរិស្ថានបានរៀបចំជាសិក្ខាសាលាមួយដើម្បីផ្សព្វផ្សាយស្តីពី អនុក្រឹត្យលេខ១៤៤ ស្តីពី «ការបង្កើត តំបន់ការពារទេសភាពបាកាន» ដែលស្ថិតក្នុងខេត្តពោធិ៍សាត់។
ក្នុងឱកាសនេះ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា៖ «ការដាក់តំបន់ដីសើមដ៏សំខាន់មួយនេះ ជាតំបន់ការពារទេសភាព ជារឿងសំខាន់មួយ ដើម្បីផលប្រយោជន៍បរិស្ថាន សង្គម វប្បធម៌ និងសេដ្ឋកិច្ច ប៉ុន្តែការការពារតំបន់នេះឱ្យបានគង់វង្ស គឺជារឿងកាន់តែសំខាន់ថែមទៀត ដែលទាមទារឱ្យមានការចូលរួមគាំទ្រយ៉ាងសកម្មពីគ្រប់ភាគី ជាពិសេសអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍» ។
គួរបញ្ជាក់ថា អនុក្រឹត្យលេខ១៤៤ ស្តីពី «ការបង្កើតតំបន់ការពារទេសភាពបាកាន»មានផ្ទៃដីទំហំ ៣៨,៤៣០ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាកាននិងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលរាជរដ្ឋាភិបាលបានចេញនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសាធារណៈជន ដើម្បីចូលរួម ធានាការថែរក្សានិងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ បរិស្ថាននិងវប្បធម៌ ។
បើតាមទិន្នន័យពីក្រសួងបរិស្ថានកាលពីឆ្នាំ ២០២១ បានឱ្យដឹងថា កម្ពុជាមានតំបន់ការពារធនធាន ធម្មជាតិចំនួន ៧៣ ដែលមានផ្ទៃដីសរុប ៧,២៩៧,៣១៤ ហិកតា ស្មើនឹង ៤១% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។
តំបន់ការពារធនធានធម្មជាតិចំនួន ៧៣ នេះ គឺស្ថិតនៅក្នុងប្រភេទតំបន់ការពារធំៗចំនួន ៨ រួមមាន៖
ទី១ តំបន់ឧទ្យានជាតិ ដែលមានចំនួន ១១ តំបន់ផ្សេងៗគ្នា និងមានផ្ទៃដីសរុប ១,៧១៧,៦១៤ ហិកតា។
ទី២ គឺតំបន់ដែនជម្រកសត្វព្រៃ ដែលបែងចែកជា ១៩ តំបន់ផ្សេងៗគ្នា និងមានផ្ទៃដីសរុប ៣,៤៣៣,៣៣៦ ហិកតា។
ទី៣ គឺ តំបន់ទេសភាព ដែលបែងចែកជា ១៣ តំបន់ផ្សេងៗគ្នា និងមានផ្ទៃដីសរុប ១៥៣,៦០៤ ហិកតា។
ទី៤ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង ដែលបែងចែកជា ៨ តំបន់ផ្សេងៗគ្នា និងមានផ្ទៃដីសរុប ៤១៥,៧៩៦ ហិកតា។ ទី៥គឺជាតំបន់រ៉ាមសារ បែងចែកជា ៥ តំបន់ និងមានផ្ទៃសរុប ៦០,៩៩៥ ហិកតា ទី៦ជាតំបន់ស្នូលនៃបឋនីយជីវមណ្ឌល ដែលបែងចែកជា ៣ តំបន់ផ្សេងៗគ្នា និងមានផ្ទៃសរុប ៤២,២៥៧ ហិកតា។ ទី៧ គឺតំបន់បេតិកភណ្ឌធម្មជាតិ ដែលបែងចែកជា ១១ តំបន់ផ្សេងៗគ្នា និងមានផ្ទៃដីសរុប ៣៣,៩៥១ ហិកតា។
ចុងក្រោយគឺ តំបន់ឧទ្យានសមុទ្រ ដែលមានផ្ទៃដីសរុប ៥២,៤៤៨ ហិកតា គឺតំបន់សមុទ្រកោះរ៉ុង។ ក្រៅពីនេះ ក៏នៅមានតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ដែលមានផ្ទៃដីសរុប ១,៦៣០ ហិកតា និងរបៀងអភិរក្សជីវចម្រុះដែលមានផ្ទៃដីសរុប ១៤២,៧៩៤០ ហិកតា៕