គោលនយោបាយអនុគ្រោះអគ្គិសនី នឹងជួយសម្រាលបន្ទុកដល់រាល់ប្រភេទអាជីវកម្មក្នុងវិស័យកសិកម្ម
គោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីសម្រាប់វិស័យកសិកម្ម ជាគោលនយោបាយដ៏ធំមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម និងអគ្គិសនីកម្ពុជាជាសេនាធិកា។ គោលនយោបាយនេះ បានដាក់ចេញតាំងពីឆ្នាំ២០១៦មកម្លេះ ប៉ុន្តែកាលណោះការអនុវត្តគឺត្រឹមតែការបូមទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្មប៉ុណ្ណោះ។
រហូតដល់ឆ្នាំ២០២១ ដោយមើលឃើញពីភាពចាំបាច់មួយចំនួនរដ្ឋាភិបាលកម្ពុជាបានពង្រីកបន្ថែមនូវគោលនយោបាយខាងលើ ដោយអនុគ្រោះដល់គ្រប់ប្រភេទអាជីវកម្មដែលពាក់ព័ន្ធជាមួយនឹងវិស័យកសិកម្មតែម្ដង។
បើតាមលោកបណ្ឌិត លឿង កែវសិលា ប្រធាននាយកដ្ឋានមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទនៃអគ្គិសនីកម្ពុជាបានឱ្យដឹងថា គោលបំណង និងអត្ថប្រយោជន៍នៃការផ្ដល់ការអនុគ្រោះពិសេសនេះ
កាត់បន្ថយការចំណាយក្នុងការប្រើប្រាស់អគ្គិសនីជូនដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរក្នុងវិស័យកសិកម្ម។
ក្រៅពីនោះ ក្រសួងក៏ជំរុញ និងលើកទឹកចិត្ត ជួយបង្កើនប្រាក់ចំណូលដល់កសិករដែលធ្លាប់តែប្រើម៉ាស៊ីនបូមទឹក ប្រើប្រេងច្រើនចុះថវិកាច្រើន បង្កើនប្រាក់ចំណូលទាំងកសិករ ទាំងអាជីវករ ទាំងវារីវប្បករ ទាំងអ្នកវិនិយោគនៅក្នុងវិស័យកសិកម្ម បង្កើតឱកាសការងារជូនដល់បងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយចំណាកស្រុក និងដែលសំខាន់បំផុតគឺលើកស្ទួយវិស័យកសិកម្មរបស់យើងឱ្យបានកាន់តែល្អប្រសើរ។
លោកបណ្ឌិតបន្តមានប្រសាសន៍ថា៖ «សម្រាប់អាជីវកម្ម និយាយរួមឱ្យតែបងប្អូនប្រជាពលរដ្ឋយកអគ្គីសនីទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម គឺអាចស្នើសុំបានដោយយើងមិនកំណត់ពីទំហំនៃការប្រើប្រាស់ និងប្រភេទអាជីវកម្មក្នុងវិស័យកសិកម្មឡើយ»។
យ៉ាងណាមិញ ក្នុងការសម្រេចផ្ដល់ជូនការប្រើប្រាស់អគ្គីសនីដោយគោលនយោបាយអនុគ្រោះនេះ ក្រសួងបានផ្ដល់តួនាទីវាយតម្លៃដល់ម្ចាស់អាជីវកម្មអគ្គីសនីនៅតាមតំបន់នីមួយៗ។ ក្នុងនោះដែរ អគ្គិសនីកម្ពុជាក៏បានផ្ដល់ការបណ្ដុះបណ្ដាលទៅដល់ម្ចាស់អាជីវកម្មទាំងនោះ ក្នុងការវាយតម្លៃ ពោលគឺធ្វើយ៉ាងណា ធានាថាពួកគេបានយល់ដឹងច្បាស់ពីប្រភេទអាជីវកម្មដែលអាចសុំការអនុគ្រោះ អគ្គីសនីបាន។
អ្នកជំនាញរូបនេះបានគូសបញ្ជាក់ផងដែរថា អគ្គីសនីកម្ពុជា នឹងអនុគ្រោះដល់សកម្មភាពទាំងឡាយណា ដែលយកអគ្គីសនីទៅប្រើប្រាស់សម្រាប់បម្រើនូវសកម្មភាពដូចជា ការដាំដុះ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃនានា។ សម្រាប់ការដាំដុះនេះ គឺមានការអនុគ្រោះដោយទូលំទូលាយតែម្ដង ដែលរាប់បញ្ចូលទាំងការដាំដុះជាប្រភេទកសិឧស្សាហកម្ម ដូចជាកៅស៊ូ ម្រេច ពោត ស្វាយ ព្រមទាំងការដាំដុះជាប្រភេទដំណាំកសិកម្មមាន ស្រូវ សណ្ដែក បន្លែ ផ្សិត។
បន្ទាប់ពីការដាំដុះគឺ ការចិញ្ចឹមសត្វ ដែលមានការចិញ្ចឹមជ្រូក មាន់ ទា គោ ក្របីជាដើម។ ប្រភេទនេសាទដែលមានដូចជាពពួកវារីវប្បកម្ម ការចិញ្ចឹមសត្វក្នុងទឹក ដូចជាក្រពើ អន្ទង់ ត្រី កង្កែប។ និងចុងក្រោយគឺ សកម្មភាពទាំងឡាយណាដែលបម្រើឱ្យការបូមទឹក ការសម្ងួត ការបង្កក និងការធ្វើជីកសិកម្ម ការកែច្នៃ ផលិតផលចេញពីសកម្មភាពខាងលើដូចជា រោងម៉ាស៊ីនកិនស្រូវ រោងចក្រកែច្នៃគ្រឿងកំប៉ុង រោងចក្រផលិតម្ហូបអាហារ និងភេសជ្ជៈ និងរោងចក្រផលិតចំណីសត្វ។
គួរបញ្ជាក់ថា គោលនយោបាយអនុគ្រោះអគ្គីសនីគឺចាប់អនុវត្តចាប់ពីម៉ោង ៩យប់ ដល់ម៉ោង៧ព្រឹក ដោយគិតក្នុងតម្លៃ ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ជាតម្លៃដែលចំណេញស្ទើរតែពាក់កណ្ដាលពី តម្លៃអគ្គិសនីធម្មតា៕