ចិនផ្តល់មូលនិធិពិសេស ២.៥ លានដុល្លារ ដើម្បីគាំទ្រគម្រោងសរុបចំនួន ១១ នៅកម្ពុជា
ភ្នំពេញ៖ រដ្ឋាភិបាលចិន សម្រេចផ្តល់មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ ដែលមានទឹកប្រាក់ប្រមាណ ២.៥ លានដុល្លារអាម៉េរិក ដើម្បីគាំទ្រគម្រោងសរុបចំនួន១១ នៅកម្ពុជា។
កិច្ចព្រមព្រៀងផ្តល់ឱ្យនេះត្រូវបានចុះហត្ថលេខាដោយ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ នេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ថាក្នុងក្របខណ្ឌមូលនិធីពិសេសនៃកិច្ចសហការប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ ២០២៥ គម្រោងកម្ពុជាចំនួន ១១ នឹងទទួលបានការគាំទ្រហិរញ្ញវត្ថុ ពីរដ្ឋាភិបាលនៃប្រទេសចិន ដែលមានទឹកប្រាក់ប្រមាណ២.៥ លានដុល្លារអាម៉េរិក ។
គម្រោងទាំងនោះនឹងផ្តល់ផលប្រយោជន៍ជាច្រើននៅតាមវិស័យផ្សេងៗ រួមមាន៖ ទេសចរណ៍ សុខាភិបាល កសិកម្ម ការអភិរក្ស និងការស្តារឡើងវិញនូវតំបន់វប្បធម៌ ការអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការលើកកម្ពស់ផលិតភាព និងការចាប់យកបច្ចេកវិទ្យាសម្រាប់សហគ្រាមីក្រូ ធុនតូច និងធម្យម និងការលុបបំបាត់ព័ត៌មានក្លែងក្លាយ ក៏ដូចជាការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់គម្រោងចំនួន ៩៥ នៅកម្ពុជា។ ការអនុវត្តគំនិតផ្តួចផ្តើមសហការទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងចិន ដើម្បីរួមចំណែកយ៉ាងសំខាន់ដល់ការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់៕