រថក្រោះរុស្ស៊ីជាច្រើនគ្រឿងដែលអ៊ុយក្រែនរឹបអូសបានត្រូវបានបញ្ជូនទៅអង់គ្លេស
បរទេស ៖ យោងតាមមន្ត្រីកំពូលយោធារបស់អង់គ្លេសម្នាក់តាមរយៈបទសំភាសន៍ជាមួយកាសែត Telegraph បានបញ្ជាក់ថា អ៊ុយក្រែនបានបន្តបញ្ជូនរថក្រោះរបស់រុស្ស៊ីដែលរឹបអូសបាន មានទាំងរថក្រោះដែលខូចខាតជាច្រើនគ្រឿងផងមកកាន់ប្រទេសអង់គ្លេស។
ប្រភពដដែលបានបញ្ជាក់ទៀតថា រថក្រោះទាំងនោះនឹងត្រូវបញ្ជូនបន្តទៅឲ្យក្រុមអ្នកជំនាញក្នុងការសិក្សាយ៉ាងល្អិតល្អន់បំផុតដោយសង្ឃឹមថានឹងអាចក្លាយទៅជាកត្តាដ៏សំខាន់មួយដែលនឹងអាចយកឈ្នះលើសង្គ្រាមប្រឆាំងទៅនឹងកងកម្លាំងយោធារុស្ស៊ីនាពេលខាងមុខ។
មន្ត្រីរូបនេះបានថ្លែងបែបនេះថា ៖ ” យើងមានអ្នកវិទ្យាសាស្ត្រដែលអាចប្រមូលយកព័ត៌មានលម្អិតអំពីរថក្រោះទាំងនោះក្នុងកម្រិតកោសល្យវិច្ច័យខ្ពស់បំផុត។ យើងនឹងសិក្សាទៅលើចំណុចជាច្រើនបូករួមទាំងវិធីសាស្ត្រនៃការផលិតរបៀបនៃការប្រើប្រាស់រថក្រោះ ជាពិសេសឈានទៅដល់វិធីសាស្ត្រក្នុងការបំផ្លាញបច្ចេកវិទ្យារបស់វានៅក្នុងសមរភូមិប្រយុទ្ធ” ។
លោកបានបន្តថា រដ្ឋាភិបាលទីក្រុងឡុងនឹងចែករំលែកនូវការរកឃើញទាំងនោះជាមួយនឹងសម្ព័ន្ធមិត្តនៅក្រោយការសិក្សាត្រូវបានបញ្ចប់ ហើយបញ្ជាក់ថាពេលវេលានោះនឹងក្លាយទៅជាពេលដែលគ្រោះថ្នាក់បំផុតមួយសម្រាប់រុស្ស៊ីនៅក្នុងសមរភូមិជាមួយនឹងកងកម្លាំងយោធាអ៊ុយក្រែន។
ទន្ទឹមនឹងនេះដែរ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីកាលពីថ្ងៃអាទិត្យ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា អ្នកជំនាញរុស្ស៊ីក៏កំពុងសិក្សាអាវុធរបស់លោកខាងលិចជាច្រើនប្រភេទដែលខ្លួនបានប្រមូលបានផងដែរ ដោយបានលើកឡើថា ការរកឃើញរបស់ពួកគេមួយចំនួនអាចត្រូវបានគេប្រើប្រាស់ឡើងវិញក្រោយការរៀបចំសាជាថ្ម្មីរួចរាល់៕