Close

រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់យកថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នៃព្រឹទ្ធសភា។ នេះបើយោងតាមសេចក្ដីសម្រេចលេខ ៥៤សសរ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគ.ជ.ប  ប្រាប់ ENN News នៅថ្ងៃទី ១៨ ខែកក្កដា នេះ ថា គ.ជ.ប កំពុងរង់ចាំសេចក្តីសម្រេចនេះ ពីរាជរដ្ឋាភិបាល ដើម្បីមានភាពងាយស្រួលសម្រាប់គ.ជ.ប ក្នុងការរៀបចំប្រតិទិន  និងថវិកាសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នៃព្រឹទ្ធសភានេះ ។

ឯកឧត្តមបន្តថា បើទោះបីការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ២០២៣ មិនទាន់ត្រូវបានបញ្ចប់ជាស្ថាពរក្តី តែគ.ជ.ប មិនមានការព្រួយបារម្ភនោះទេ ព្រោះ គ.ជ.ប មានបទពិសោធន៍រួចហើយលើកិច្ចការងារនេះ។

បើតាមឯកឧត្តម សោម សូរីដា សម្រាប់ចុងឆ្នាំ២០២៣ នេះ គ.ជ.ប មានភារកិច្ច និងការងារចម្បងចំនួន ២ ដែលត្រូវធ្វើ គឺការងារចុះឈ្មោះអ្នកបោះឆ្នោតថ្មី និងការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នៃព្រឹទ្ធសភា ៕


អត្ថបទទាក់ទង