Close

ឆមាសទី១ ឆ្នាំ២០២៣ ពន្ធដារប្រមូលចំណូលបានជាង ២ ពាន់លានដុល្លារសម្រាប់ថវិកាជាតិ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ឆមាសទី១ ឆ្នាំ២០២៣ ពន្ធដារប្រមូលចំណូលបានជាង ២ ពាន់លានដុល្លារសម្រាប់ថវិកាជាតិ ឆមាសទី១ ឆ្នាំ២០២៣ ពន្ធដារប្រមូលចំណូលបានជាង ២ ពាន់លានដុល្លារសម្រាប់ថវិកាជាតិ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គនាយកពន្ធដារបានបង្ហាញថា អគ្គនាយកដ្ឋានពន្ធដារក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៣ ប្រមូលចំណូលពន្ធបានចំនួន ៨ ៣៩៣.១៧ ពាន់លានរៀល (ប្រមាណជា ២ ០៧២.៣៩ លានដុល្លារ) សម្រាប់ថវិកាជាតិ ស្មើនឹង ៥៨.០២% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារ បានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៣ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ថា តាមរយៈស្ថានភាពនៃចំណូលពន្ធ សម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចំនួន ១៤ ៤៦៥.៣៩ ពាន់លានរៀល (ប្រមាណជា ៣ ៥៧១.៧០លានដុល្លារ)។

ឯកឧត្តម គង់ វិបុល បានថ្លែងថា កំណែទម្រង់ និងទំនើបកម្មពន្ធដារចាប់តាំងពីឆ្នាំ២០១២ រហូតមក បានធ្វើឱ្យប្រព័ន្ធពន្ធដារមានភាពរឹងមាំ ហើយថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់លំដាប់ថ្នាក់ ខិតខំប្រឹងប្រែងស្រុះដៃគ្នា អនុវត្តការងារប្រកបដោយស្មារតី បុរេសកម្ម និងកាន់តែសកម្មថែមទៀត ដើម្បីបន្តធានាបាននូវនិរន្តរភាពចំណូលពន្ធ និងបន្តចូលរួមអនុវត្តការងារ កំណែទម្រង់និងទំនើបកម្មរដ្ឋបាលសារពើពន្ធ។
ឯកឧត្តម បានឱ្យដងថា សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា (GDP) ត្រូវបានគេរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៥.៦% ហើយ ការប្រមូលចំណូលពន្ធដារ ត្រូវបានព្យាករថានឹងសម្រេចបានក្នុងរង្វង់ ១០៥%។

ឯកឧត្តម គង់ វិបុល ក៏បានកត់សម្គាល់លើចំណូលតាមសកម្មភាពសំខាន់ៗ មួយចំនួនមានការថយចុះ សម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះកម្មន្តសាលភេសជ្ជៈ ឬផលិតភេសជ្ជៈ (ថយចុះ ១២.៨៩%) វិស័យអចលនវត្ថុ (ថយចុះ ៣.៨៨%) ហើយទន្ទឹមនឹងគ្នានោះ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក៏បានថយចុះប្រមាណ ២៦.៨៣%។ ចំណែកការប្រមូលបំណុលពន្ធមានការថយចុះសម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៣ ពោលគឺធ្លាក់ចុះ១៩.០៣% ធៀបនឹង រយៈពេលដូចគ្នាឆ្នាំ២០២២។

ឯកឧត្តម គង់ វិបុល បញ្ជាក់ទៀតថា ចំពោះវិស័យផលិតភេសជ្ជៈ (កម្មន្តសាលភេសជ្ជៈ) អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងបន្តចុះត្រួតពិនិត្យជាក់ស្តែង តាមរោងចក្រ ដើម្បីតាមដាន និងថែទាំបណ្តាញ និងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុលរបស់សហគ្រាសផលិតក្នុងស្រុក (Flowmeter) ហើយបានរកឃើញមានករណីគេចវេះ និងការបំពានការអនុវត្តកាតព្វកិច្ចបំពាក់ឧបករណ៍នេះ ដែលករណីនេះអគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងចាត់វិធានការពន្ធដារយ៉ាងម៉ឺងម៉ាត់ ដើម្បីធានា បាននូវតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព សម្រាប់វិស័យនេះ។

ឯកឧត្តម គង់ វិបុល បានបន្ថែមថា អគ្គនាយកដ្ឋានពន្ធដារ បន្តពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ដែលជាក់ស្តែងក្នុងខែមិថុនា ឆ្នាំ២០២៣ ទទួលបាន ២៧.៥៥ ប៊ីលានរៀល (ប្រមាណជា ៦.៨០ លានដុល្លារ) និងសម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៣ ទទួលបាន ១៥៩.២១ ប៊ីលានរៀល (ប្រមាណជា ៣៩.៣១ លានដុល្លារ)៕

អត្ថបទទាក់ទង