Close

ថៃ ទទួលពិន័យយ៉ាងធ្ងន់ធ្ងរពីសហព័ន្ធបាល់ទាត់អាស៊ី ជុំវិញការប៉ះទង្គិចគ្នាជាមួយឥណ្ឌូនេស៊ី នៅស៊ីហ្គេម

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ កីឡា
ថៃ ទទួលពិន័យយ៉ាងធ្ងន់ធ្ងរពីសហព័ន្ធបាល់ទាត់អាស៊ី ជុំវិញការប៉ះទង្គិចគ្នាជាមួយឥណ្ឌូនេស៊ី នៅស៊ីហ្គេម ថៃ ទទួលពិន័យយ៉ាងធ្ងន់ធ្ងរពីសហព័ន្ធបាល់ទាត់អាស៊ី ជុំវិញការប៉ះទង្គិចគ្នាជាមួយឥណ្ឌូនេស៊ី នៅស៊ីហ្គេម

នៅទីបំផុត! សហព័ន្ធកីឡាបាល់ទាត់ថៃ ទទួលបានការពិន័យជាផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី ហៅកាត់ថា AFC បន្ទាប់ពីការបង្កជម្លោះជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។

ថ្វីត្បិតតែស៊ីហ្គេមលើកទី៣២ បានបញ្ចប់តាំងពីខែឧសភាក៏ដោយ ក៏រឿងរ៉ាវនៃការប្រកួតបាល់ទាត់បុរសវគ្គផ្តាច់ព្រ័ត្រនៅតែមិនទាន់ចប់។ ក្រុមជម្រើសជាតិថៃ អាយុក្រោម ២២ឆ្នាំ និង U22 ឥណ្ឌូណេស៊ី បានបង្កឱ្យមានការប៉ះទង្គិចគ្នា ដែលត្រូវបានគេចាត់ទុកថា ជា “ស្នាមប្រឡាក់” នៃបាល់ទាត់ក្នុងតំបន់។

កាលពីយប់ម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ី បានប្រកាសជាផ្លូវការនូវការពិន័យចំពោះកីឡាករ និងមន្ត្រីពាក់ព័ន្ធ។ ក្នុងនោះ មានកីឡាករ២នាក់ និងមន្ត្រីគ្រូបង្វឹក៥នាក់របស់ថៃ ត្រូវទទួលពិន័យពី AFC។

ការពិន័យនោះ គឺថាកីឡាករ២រូបរបស់ថៃ គឺ Soponwit Rakyart និង Chayapipat Supunpasuch នឹងត្រូវបានព្យួរការប្រកួតចំនួន៦ប្រកួត។ មិនតែប៉ុណ្ណោះ Soponwit Rakyart ត្រូវបង់ប្រាក់ពិន័យបន្ថែមចំនួន ១,000ដុល្លារផងដែរ។
ចំណែកមន្ត្រី និងគ្រូបង្វឹករបស់ U22 ថៃ ចំនួន ៦នាក់ ត្រូវបានហាមឃាត់ដោយ AFC រួមមាន ៖ Pattarawut Wongsriphuek, Mayeid Mad-Adam, Purachet Todsanit, Thirapak Pruangna, Bamrung Boonprom។ ក្នុងនោះ មនុស្ស២នាក់ គឺលោក Wongsriphuek និង Mayeid ត្រូវបង់ប្រាក់ពិន័យចំនួន ១.០០០ដុល្លារ។នៅមិនទាន់អស់នោះទេ សហព័ន្ធកីឡាបាល់ទាត់អាស៊ី ក៏បានពិន័យសមាគមបាល់ទាត់ថៃ (FAT) បន្ថែមចំនួន ១០,០០០ ដុល្លារអាមេរិកផងដែរ។

មិនតែប៉ុណ្ណោះ ការពិន័យនេះនឹងរារាំងកីឡាករ និងមន្ត្រី U22 ថៃ មិនឱ្យចូលរួមការប្រកួតដែលរៀបចំដោយ AFC នាពេលខាងមុខបានទេ។ ដូច្នេះ ក្រុមកីឡាករខាងលើ នឹងមិនអាចចូលរួមក្នុងការប្រកួតជម្រុះ U23 អាស៊ី ឆ្នាំ២០២៤ បានទេ ខណៈការប្រកួតនឹងប្រព្រឹត្តទៅនៅខែកញ្ញា ឆ្នាំ ២០២៣។

ជាមួយគ្នានេះ AFC ក៏បានផ្អាកការប្រកួតចំនួន ៦ប្រកួត សម្រាប់កីឡាករ U22 ឥណ្ឌូនេស៊ី ៣នាក់គឺ Agung Bagus Fawwazi, Komang Teguh, Taufany Muslihuddin។ មន្ត្រី និងគ្រូបង្វឹកចំនួន៤រូប បានទទួលការពិន័យស្រដៀងគ្នាពី AFC គឺលោក Sahari Gultom, Tegar Diokta, Ahmad Nizar, Toid Sarnadi។ ក្នុងនោះ មាន ៥នាក់ ត្រូវបង់ប្រាក់ពិន័យ ១០០០ ដុល្លារ។

គួររម្លឹកថា ក្រោយការប្រកួតស៊ីហ្គេមលើកទី៣២ កីឡាករថៃ២០នាក់នៅតែមិនបានប្រាក់រង្វាន់របស់ខ្លួន។ អភិបាលនៃអាជ្ញាធរកីឡានៃប្រទេសថៃ បាននិយាយថា លោកចង់ស៊ើបមើលកីឡាករណា ដែលមានជាប់ពាក់ព័ន្ធនឹងភាពចលាចលនេះ។ លើសពីនេះ អ្នកចាំទី Sophonwit Rakyath និង Teerapak Pruengna ក៏ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងក្រុមថៃរយៈពេលប្រាំមួយខែផងដែរ៕

អត្ថបទទាក់ទង