Close

កម្ពុជាមានសត្វក្ងោកបៃតងច្រើនជាងគេនៅលើពិភពលោក

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ សង្គម
កម្ពុជាមានសត្វក្ងោកបៃតងច្រើនជាងគេនៅលើពិភពលោក កម្ពុជាមានសត្វក្ងោកបៃតងច្រើនជាងគេនៅលើពិភពលោក

ភ្នំពេញ ៖ កម្ពុជាត្រូវបានគេវាយតម្លៃថា ជាប្រទេសដែលមានសត្វក្ងោកបៃតងច្រើនជាងគេនៅលើពិភពលោក ខណៈសត្វក្ងោកបៃតងមានចំនួនចន្លោះពី ២,០០០ ទៅ ៣,០០០ក្បាល កំពុងរស់នៅតាមតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមក្រសួងបរិស្ថាន។

ក្រសួងបានឱ្យដឹងថា សត្វក្ងោកបៃតងនៅកម្ពុជា មានចន្លោះពី២,០០០ទៅ៣,០០០ក្បាល ដែលកំពុងរស់នៅតាមតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នពិភពលោកនៅមានសត្វក្ងោកពេញវ័យចន្លោះពី ១៥,០០០ ទៅ ២០,០០០ក្បាល។

ក្រសួងបរិស្ថាន បានញ្ជាកដូច្នេះថា ៖«កម្ពុជាត្រូវបានគេវាយតម្លៃថា ជាប្រទេសដែលមានសត្វក្ងោកបៃតងច្រើនជាងគេនៅលើពិភពលោក ខណៈប្រទេសចិន វៀតណាម ថៃ ឡាវ និងឥណ្ឌូនេស៊ី មានសត្វប្រភេទនេះ ក្រោម ១,០០០ក្បាលក្នុងប្រទេសនីមួយៗ»។

ក្ងោកជាប្រភេទសត្វស្លាប ត្រូវបានគេចាត់ទុកជាប្រភេទសត្វកម្រដែលស្ថិតក្នុងបញ្ជីក្រហមរងគ្រោះជិតផុតពូជនៅលើពិភពលោក ប៉ុន្តែត្រូវបានប្រទះឃើញថាមានចំនួនកើនឡើងនៅប្រទេសកម្ពុជា។

សត្វក្ងោក មានរោមពណ៌ត្នោត ខៀវ បៃតង ប្រផេះ ជើងវែង កវែង ហើយមានប្រវែងដងខ្លួនគិតពីចំពុះដល់ចុងកន្ទុយប្រហែល២ម៉ែត្រ។ ចំណីរអាហាររបស់ក្ងោកមាន ផ្លែឈើ ត្រួយរុក្ខជាតិ និងសត្វល្អិតផ្សេងៗ។ សត្វប្រភេទនេះ អាចមានអាយុពី២០ឆ្នាំទៅ២៥ឆ្នាំ និងទម្ងន់ពី៤ ដល់ ៥ គីឡូក្រាម។ សត្វក្ងោកតែងតែរស់នៅលើដើមឈើខ្ពស់ៗ តែវាមករកចំណីនៅលើដី តាមគម្ពោតព្រៃ វាលស្មៅនៅតាមចន្លោះព្រៃ ឬជុំវិញមាត់ត្រពាំង ដងអូរ ស្ទឹង តាមវាលស្រែ ចំការនៃតំបន់ព្រៃភ្នំ៕

អត្ថបទទាក់ទង