Close

លោក Biden ត្រៀមជំនួបផ្ទាល់ជាមួយនឹងលោក Zelensky សាជាថ្មីនៅកិច្ចប្រជុំកំពូលណាតូ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
លោក Biden ត្រៀមជំនួបផ្ទាល់ជាមួយនឹងលោក Zelensky សាជាថ្មីនៅកិច្ចប្រជុំកំពូលណាតូ លោក Biden ត្រៀមជំនួបផ្ទាល់ជាមួយនឹងលោក Zelensky សាជាថ្មីនៅកិច្ចប្រជុំកំពូលណាតូ

បរទេស ៖ តាមផែនការនៃកិច្ចប្រជុំកំពូលអង្គការណាតូដែលគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសលីទុយនេស៊ីនៅក្នុងសប្តាហ៍នេះ មេដឹកនាំអាមេរិក និងអ៊ុយក្រែននឹងមានជំនួបផ្ទាល់មួយទល់នឹងមួយជាមួយគ្នាដែលផ្តោតសំខាន់ និងយ៉ាងពិសេសទៅលើការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តចំពោះបេក្ខភាពចូលជាសមាជិកណាតូពីសំណាក់អ៊ុយក្រែន។

បើមិនមានអ្វីប្រែប្រួលទេ ជំនួបពិភាក្សានេះនឹងត្រូវធ្វើឡើងនៅថ្ងៃពុធនេះក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅក្នុងទីក្រុង Vilnius ដែលសារព័ត៌មានជាច្រើនរបស់អាមេរិកបានសរសេរថាកិច្ចប្រជុំ​នឹង​បង្ហាញ​ពី​សញ្ញា​នៃ​ការ​រួបរួម​គ្នារវាងអាមេរិកនិងអ៊ុយក្រែន ខណៈ​ដែល​ការ​ចូលរួម​របស់​លោក Zelensky នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ត្រូវ​បាន​ចោទ​សួរនៅឡើយក្នុងនាមជាអ្វីឲ្យពិតប្រាកដ។

ទោះបីជាយ៉ាងណាក្តី កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមកមានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានចេញផ្សាយថា ប្រធានាធិបតីអ៊ុយក្រែនប្រហែលជាមិនចូលរួមកិច្ចប្រជុំកំពូលនោះទេ ហើយការិយាល័យរបស់ Zelensky មិនបានបញ្ជាក់ពីការចូលរួមរបស់គាត់ដូចគ្នាដែរ ដោយសារតែសមាជិកណាតូជាច្រើនមិនបានបញ្ជាក់ច្បាស់ពីអ្វីដែលត្រូវបានសន្យាថានឹងគាំទ្ររដ្ឋាភិបាលទីក្រុងគៀវនៅក្នុងកិច្ចប្រជុំនេះនៅឡើយ។

លើសពីនេះលោក Zelensky ក៏ធ្លាប់បាននិយាយដែរថា កិច្ចប្រជុំនេះនឹងគ្មានន័យអ្វីឡើយសម្រាប់គាត់ក្នុងការចូលរួមលុះត្រាណាតូមិនផ្តល់ផែនទីបង្ហាញផ្លូវច្បាស់លាស់សម្រាប់ការចូលជាសមាជិកដោយអ៊ុយក្រែនជាមួយនឹងប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះទេនោះ។

ចំពោះបញ្ហាចូលជាសមាជិករបស់អង្គការណាតូនេះផងដែរ លោក Biden បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យថា អ៊ុយក្រែននឹងមិនក្លាយជាសមាជិកភាពរបស់អង្គការណាតូទេ រហូតដល់ជម្លោះជាមួយរុស្ស៊ីអាចបញ្ចប់ជាមុនសិន ហើយបន្ថែមពីនេះរដ្ឋាភិបាលទីក្រុងគៀវត្រូវធ្វើកំណែទម្រង់មុនពេលដែលខ្លួនអាចចូលរួមជាមួយសម្ព័ន្ធភាពយោធា៕

អត្ថបទទាក់ទង