អតីតប្រធានកីឡារបស់ក្លឹប PSG រិះគន់ធ្ងន់ៗលើ Kylian Mbappe ចំពេលមានទំនាក់ទំនងផ្ទេរទៅកាន់ Real Madrid
តារាឆ្នើមរបស់ក្លិបបាល់ទាត់ PSG កីឡាករ Kylian Mbappe ត្រូវបានអតីតប្រធានកីឡារបស់ក្លឹប PSG លោក Leonardo រិះគន់មិនសំចៃមាត់ និងប្រាប់ឱ្យចាកចេញពី Paris Saint-Germain ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតកីឡាដ៏ល្បី Goal។
កាលពីពេលថ្មីៗនេះ កីឡាករ Kylian Mbappe បានបង្ហើបថា ខ្លួននឹងមិនបន្តស្នាក់នៅ PSG លើសពីចុងបញ្ចប់រដូវកាល ឆ្នាំ២០២៣-២៤ នោះទេ។
ម្ចាស់ជើងឯក ស្បែកជើងមាស World Cup ២០២២ បានច្រានចោលការផ្ទេរទៅកាន់ Real Madrid កាលពីរដូវក្តៅមុន ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេលពីរឆ្នាំនៅ PSG ប៉ុន្តែការពិភាក្សាអំពីការផ្លាស់ប្តូរទៅកាន់ Santiago Bernabeu កំពុងផ្ទុះឡើងម្តងទៀត។
ទោះបីជាយ៉ាងណា ប្រធានក្លឹប PSG
លោក Nasser Al-Khelaifi បានទទូចថា Mbappe នឹងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្លឹបក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃនៅឆ្នាំក្រោយនោះទេ។
ជុំវិញបញ្ហាបនេះ លោក Leonardo ដែលធ្លាប់ធ្វើការជាមួយ Mbappe នៅ Parc des Princes អស់រយៈពេល ៣រដូវកាល មុនពេលចាកចេញពីក្លឹបកាលពីរដូវក្តៅមុន ជឿជាក់ថា ឥឡូវនេះគឺជាពេលវេលាសម្រាប់ក្លិប ដើម្បីកាត់ផ្តាច់ទំនាក់ទំនងជាមួយតារាឆ្នើមរបស់ពួកគេ។
លោក Leonardo បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ L’Equipe ថា៖«ខ្ញុំគិត វាជាពេលវេលាដ៏ល្អសម្រាប់ក្លិប និង Mbappe ។ គាត់បាននៅប៉ារីសរយៈពេលប្រាំមួយឆ្នាំ ហើយក្នុងរយៈពេលប្រាំមួយរដូវកាលនោះ ក្លឹបប្រាំផ្សេងគ្នា បានឈ្នះពានរង្វាន់ Champions League (Real Madrid ក្នុង ២០១៨ និង ២០២២, Liverpool ក្នុងឆ្នាំ ២០១៩ ។ Bayern Munich នៅឆ្នាំ ២០២០ Chelsea នៅឆ្នាំ ២០២១ និង Manchester City នៅឆ្នាំ ២០២៣) ពួកគេ គ្មាន Mbappe ទេ នោះមានន័យថា វាអាចទៅរួចទាំងស្រុងក្នុងការឈ្នះពាននេះ ដោយគ្មានគាត់»។
អតីតប្រធានកីឡារូបនេះ បានបន្តថា ៖ « ជាមួយនឹងអាកប្បកិរិយារបស់គាត់ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ Mbappe កំពុងបង្ហាញថា គាត់មិនទាន់ជាកីឡាករដែលមានសមត្ថភាពដឹកនាំក្រុមទេ។ គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់ តែមិនមែនជាអ្នកដឹកនាំទេ។ គាត់ជាអ្នកស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យ ប៉ុន្តែមិនមែនជាអ្នកមានគំនិតច្នៃប្រឌិតទេ»។
យ៉ាងណាក៏ដោយ មានគេរាយការណ៍ថា PSG នឹងទាមទារថ្លៃផ្ទេរ ២០០ លានអឺរ៉ូ ដែលស្មើនឹង ២១៧លានដុល្លារសម្រាប់ Mbappe ប្រសិនបើគាត់មិនព្រមបន្តកិច្ចសន្យារបស់គាត់។ Real Madrid ត្រូវបានគេជឿជាក់ថា ជាក្លិបដែលស័ក្ដិសមបំផុតសម្រាប់កីឡាករវ័យ ២៤ឆ្នាំ រូបនេះ៕