តួគី និងអាមេរិក បន្តជំហផ្ទុយគ្នាចំពោះបេក្ខភាពស៊ុយអែតជាសមាជិកនៅអង្គការណាតូ
បរទេស ៖ ប្រធានាធិបតីតួគី លោក Recep Tayyip Erdogan កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានព្រមានសមាភាគីសន្ទនាលោកប្រធានាធិបតីអាមេរិក Joe Biden សាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ប្រទេសស៊ុយអែតក្នុងការអនុវត្តច្បាប់ប្រឆាំងទៅនឹងភេវរកម្មដោយចោទប្រកាន់ថាប្រទេសមួយនេះមិនទាន់បានបំពេញតាមលក្ខខណ្ឌគ្រប់ជ្រុងជ្រោយនៅឡើយដើម្បីអាចក្លាយជាសមាជិករបស់អង្គការណាតូ។
នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យម្សិលមិញនេះប្រធានាធិបតីអាមេរិកលោក Joe Biden នៅតែបានបញ្ជុនសារនយោបាយរបស់លោក និងជំហរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងការស្វាគមន៍វត្តមានរបស់ប្រទេសស៊ុយអ៊ែតក្លាយជាសមាជិករបស់អង្គការណាតូក្នុងពេលឆាប់ៗនេះ។
លោក Erdogan បានពន្យល់ថា ថ្វីត្បិតតែស៊ុយអែតបានចាប់ផ្តើមជំហ៊ានជាវិជ្ជមានមួយចំនួនក្តីក្នុងការកែប្រែច្បាប់ប្រយុទ្ធប្រឆាំងទៅនឹងក្រុមភេវរកម្ម ប៉ុន្តែមកទល់ពេលនេះរដ្ឋាភិបាលនេះនៅតែអនុញ្ញាតិឲ្យមានការជ្រោកកោនពីសំណាក់ក្រុមឧទ្ទាមឃឺដដែលរដ្ឋាភិបាលក្រុងអង់ការ៉ាបានចាត់ចូលក្នុងបញ្ជីក្រុមភេវរកម្មអន្តរជាតិនោះនៅឡើយ។
កន្លងមក លោក Biden តែងតែបានដាក់សំពាធទៅលោក Erdogan ដើម្បីទទួលយកប្រទេសស៊ុយអែតជាសមាជិកភាពនៃអង្គការណាតូតាមរយៈថ្នូរនឹងការសម្រេចចិត្តលក់យន្តហោះចម្បាំងប្រភេទ F-16 ទៅឲ្យរដ្ឋាភិបាលក្រុងអង់ការ៉ាប៉ុន្តែមិនដែលទទួលបានជោគជ័យនោះទេ។
គួរឲ្យដឹងដែរថា ប្រទេសស៊ុយអែត និងប្រទេសជាប់ព្រំដែនហ្វាំងឡង់បានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការណាតូកាលពីឆ្នាំមុនដូចគ្នា ប៉ុន្តែហ្វាំងឡង់ដែលមានទទួលសិទ្ធិនេះមុន ហើយបានប្រកាសចូលជាផ្លូវការកាលពីខែមេសាកន្លងមក។
ដោយឡែកស៊ុយអែតនៅបន្តដោះស្រាយបញ្ហាជំទាស់នៅឡើយដោយរដ្ឋាភិបាលតួគីក៏ព្រោះតែក្រុមឧទ្ទាមឃឺតដែលកំពុងគេចខ្លួនពីការតាមចាប់ខ្លួនរបស់តួគីនោះគឺបន្តមានវត្តមានជ្រកកោននៅស៊ុយអែតនៅឡើយ៕