សម្តេចតេជោ ហ៊ុន សែន ៖ ពិភពលោកខ្លាចជាងគេការអភិវឌ្ឍទៅលើវិស័យការពារជាតិ តែសម្រាប់កម្ពុជាវិញ ផ្តោតតែលើការអភិវឌ្ឍន៍ធនធានមនុស្ស
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា ប្រទេសកម្ពុជាមិនមានគោលដៅក្នុងការពង្រីកថវិកាសម្រាប់ការអភិវឌ្ឍទៅលើវិស័យការពារជាតិ និងសន្ដិសុខនោះទេ តែកម្ពុជាបានផ្តោតទៅលើការអភិវឌ្ឍន៍ធនធានមនុស្សជាអាទិភាពវិញ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចុះពិនិត្យការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្ដិភាព» និងសំណេះសំណាលជាមួយក្រុមការងារសាងសង់អគារព្យាបាលអ្នកជំងឺ។
សម្តេចតេជោ ហ៊ុន សែន ថាបន្តថា រាជរដ្ឋាភិបាលបានផ្តោតទៅលើវិស័យ៣ ដែលអាចកែប្រែសង្គមទៅជាសង្គមជឿនលឿនគឺតម្រូវការផ្នែក វិស័យអប់រំ សង្គមកិច្ច និងសុខាភិបាល ហើយថវិកាជាតិឆ្នាំ២០២៣ គឺជាថវិកាសម្រាប់បម្រើឲ្យប្រជាជនតែម្តង នេះជាកើនឡើងក្នុងកម្រិតមួយដែលជាការវិនិយោគមនុស្ស និងការពារជីវិតមនុស្សជាចម្បង៕